Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU គ្រោងពង្រីកការិយាល័យប្រឆាំងអំពើពុករលួយ នៅខេត្តគោលដៅមួយចំនួន និងបន្ថែមមន្រ្តីជិត២០០នាក់ទៀត នៅឆ្នាំ២០១៧

06-01-2017 20:10

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា ខ្លួននឹងពង្រីកការិយាល័យប្រឆាំងអំពើពុករលួយ នៅតាមខេត្តគោលដៅមានអំពើពុករលួយមួយចំនួន ព្រមទាំងជ្រើសរើសមន្រ្តីប្រឆាំងអំពើពុករលួយបន្ថែមប្រមាណ២០០នាក់ទៀត នៅឆ្នាំ២០១៧។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ACU បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីអបអរសាទរទិវាបុណ្យ៧មករា ទិវាជាតិ-ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ សិល្បករស្នេហាជាតិ ប្រឆាំងអំពើពុករលួយ យុវជន និស្សិតស្នេហាជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ «រស់ជាមួយភាពស្អាតស្អំ» រៀបចំធ្វើនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ នៅសាលាតិចណូ រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា «នៅឆ្នាំ២០១៧ យើងនឹងបើកពង្រីកការិយាល័យប្រឆាំងអំពើពុករលួយ បន្ថែមទៀត នៅតាមខេត្តណាដែល ជាគោលដៅមានបទល្មើសពុករលួយ» ដូចជាខេត្តព្រះសីហនុ សៀមរាប កំពង់ចាម ស្វាយរៀង ព្រៃវែង ជាដើម ព្រោះខេត្តទាំងនោះ សម្បូរទៅដោយការវិនិយោគ និងជាខេត្តច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីធានារ៉ាប់រងនូវកិច្ចការថ្មីៗមួយចំនួនទៀត។

លោកទេសរដ្ឋមន្រ្តីបានបន្តយ៉ាងដូច្នេះថា «ACU នឹងរៀបចំជាក្រុមមន្រ្តីជំនាញនគរបាលយុត្តិធម៌ ជិត២០០នាក់ទៀត ដើម្បីឆ្លើយទៅនឹងតម្រូវការនានា ព្រោះ ACU បានសិក្សាឃើញថា ស្ថាប័នណាកើតរឿងច្រើនជាងគេ ដែលនេះជាកិច្ចការថ្មីសម្រាប់ ACU ដែលត្រូវធ្វើនៅពេលខាងមុខ»។

សូមជម្រាបថា បច្ចុប្បន្នអង្គភាពប្រឆាំងអំពើពុករលួយ មានមន្រ្តីបម្រើក្នុងអង្គភាពរបស់ខ្លួន ជិត៥០០នាក់ នេះបើតាមការបញ្ជាក់របស់ លោក ឱម យ៉ិនទៀង។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ទៀតថា ក្នុងពិធីទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ នៅឆ្នាំ២០១៧ នឹងមានការប្រគល់មេដាយសម្រាប់អ្នកសារព័ត៌មាន ក្នុងការចូលរួមអំពីការផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕