(ភ្នំពេញ)៖ បន្ទាប់ពីនៅរសៀលថ្ងៃមិញនេះមានការចេញផ្សាយព័ត៌មានថា «ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យចាប់ដាក់គុក តាមរយៈអំណាចតុលាការ» ឆ្លើយតបនឹងករណីដ៏ធ្ងន់់ធ្ងរនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា ក្រសួងយុត្តិធម៌ នឹងឲ្យក្រុមការងារអធិការកិច្ច ចុះស្រាវជ្រាវលើករណីនេះជាបន្ទាន់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ករណីប្រជាពលរដ្ឋចំនួន៣រូប ដែលត្រូវបានទទួលរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោល ហើយថែមទាំងត្រូវបានគេប្តឹងឱ្យជាប់គុកទៀត នៅខេត្តព្រះសីហនុនោះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការណែនាំឲ្យក្រុមការងារអធិការកិច្ចរបស់ ក្រសួងយុត្តិធម៌ចុះស្រាវជ្រាវករណីនេះជាបន្ទាន់។ លទ្ធផលនៃការស្រាវជ្រាវ ក្រសួងយុត្តិធម៌នឹងជម្រាបជូននាពេលក្រោយ»។
សូមជំរាបថា ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ដែលត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យចាប់ដាក់គុក តាមរយៈអំណាចតុលាការ ទាំងដីធ្លីដែលមានទំនាស់នោះត្រូវបានអាជ្ញាធរផ្តល់សិទ្ធិស្របច្បាប់។
ប្រជាពលរដ្ឋ៣នាក់ រងភាពអយុត្តិធម៌ត្រូវគេចាប់ដាក់គុកនោះ មានឈ្មោះទី១៖ វ៉ាន់ នី អាយុ៤២ឆ្នាំ ភេទស្រី, ទី២៖ វ៉ាន់ ធឿន ភេទស្រី អាយុ៣៥ឆ្នាំ និង ទី៣៖ វ៉ាន់ តឿ ភេទប្រុស អាយុ៤០ឆ្នាំ ដែលពួកគាត់ជាកសិករ រស់នៅភូមិអូត្រាវ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមអំណាចសាលក្រមតុលាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។
បន្ទាប់ពីកើតមានរឿងដ៏មហាអយុត្តិធម៌នេះ ក្នុងភូមិ៤ ទាំងអស់បាននាំគ្នាផ្តិតមេដាយ សុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ពីអភិបាលខេត្តព្រះសីហនុផងដែរ ហើយលោកអភិបាលខេត្ត យន្ត មីន បានព្យាយាមខ្នះខ្នែង ដើម្បីដោះស្រាយរឿងនេះ ប៉ុន្តែដោយសារតែ នៅកម្ពុជាអំណាចនីតិប្រត្តិបត្តិ និងអំណាចតុលាការ ស្ថិតនៅដាច់ដោយឡែកពីគ្នា លោកមិនអាចជ្រៀតជ្រែកបានឡើយ។