(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្សព្វផ្សាយច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ជូនដល់និសិ្សតអន្តេវាសិកវេជ្ជសាស្រ្ត(សិស្សទើបនឹងបញ្ចប់ការសិក្សា) ជំនាន់ទី៣៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងត្រៀមចេញទៅបម្រើ សេវាសុខភាព ជូនប្រជាពលរដ្ឋដល់ពេលខាងមុខនេះ ។
លោកសាស្រ្តាចារ្យថ្លែងបន្ដថា ច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ជាសម្បតិ្តដែលមានតម្លៃធំធេង របស់រាល់គណៈវិជ្ជាជីវៈ សុខាភិបាល ក្នុងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ និងការប្រកបវិជ្ជាជីវៈសុខាភិបាល ដែលបានចែងយ៉ាងច្បាស់ត្រង់មាត្រាទី៥ ថា «គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ មានសមត្ថកិច្ច ក្នុងការចុះបញ្ជីការ និងផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល» បទបញ្ញាតិ្តសី្តពី បទដ្ឋានវិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈ ត្រូវកំណត់ ដោយគណៈវិជ្ជាជីវៈពាក់ព័ន្ធ។
លោកបន្ដថា «ដូច្នេះ យើងជាគ្រូពេទ្យ គឺត្រូវបំពេញកិច្ចការងារ ដោយទំនួលខុសត្រូវខ្ពស់ ទៅលើសុខភាពប្រជាពលរដ្ឋ ដោយផ្ដល់នូវសុវត្ថិភាព របស់ប្រជាជន តាមរយៈ ការផ្ដល់នូវ យន្ដការក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ ដូច្នេះ អ្នកវិជ្ជាជីវៈសុខាភិបាល សំដៅដល់គ្រូពេទ្យ ទន្ដពេទ្យ ឆ្មប គិលានុបដ្ឋាក ឱសថការី អ្នកបច្ចេកទេស មន្ទីរពិសោធន៍សុខាភិបាល អ្នកព្យាបាលដោយចលនា ទន្ដគិលានុបដ្ឋាក អ្នកបច្ចេកទេសវិទ្យុសាស្ដ្រ និងអ្នកវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត ដែលទទួលបាន ការចុះបញ្ជិកា ជាមួយគណៈវិជ្ជាជីវៈ សុខាភិបាលពាក់ព័ន្ធ ត្រូវតែថែរក្សាសុខភាព ជូនប្រជាពលរដ្ឋជាចម្បងឲ្យបានត្រឹមត្រូវ»។
លោក សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងផងដែរថា ច្បាប់ថ្មីដែលមាន៩ជំពូក និង៣៥មាត្រា ក្នុងគោលបំណងការងារសុខភាព និងសុវតិ្ថភាពរបស់ប្រជាជនតាមរយៈការផ្តល់នូវយន្តការក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ ដោយឡែកសម្រាប់ការផ្សព្វផ្សាយនាពេលនេះ ដើម្បីបង្ហាញច្បាប់ថ្មី សម្រាប់គ្រប់ជូនដល់និសិ្សតដែលកំពុងជិតបញ្ចប់ការសិក្សា នាពេលខាងមុខពួកគាត់នឹងក្លាយជាអ្នកបំរើសេវាសុខាភិបាល ដូច្នេះជាឱកាសមួយសម្រាប់ផ្សព្វផ្សាយច្បាប់ថ្មីនេះ ជូនដល់ពួកគាត់ ដែលនឹងបញ្ចប់ឆ្នាំសិក្សាទី៨ ៕