(ភ្នំពេញ)៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រួមជាមួយសាខាកាកបាទក្រហមខណ្ឌ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បាននាំយកអំណោយមួយចំនួន ផ្ដល់ជូនគ្រួសាររបស់សពស្រ្តីរកស៊ីផ្លូវភេទម្នាក់ ដែលបានធ្លាក់ទឹកទន្លេស្លាប់ កាលពីប៉ុន្មានថ្ងៃមុន ដោយសារតែនាងរត់គេចពីក្រុមសន្តិសុខរបស់សាលាខណ្ឌពេលចុះរៀបចំសណ្តាប់ធ្នាប់។
ស្រ្តីរងគ្រោះរូបនេះ បានលង់ទឹកទន្លេស្លាប់ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែលគាត់បានរត់គេចពីកម្លាំងប្រជាការពារខណ្ឌដូនពេញ រត់ឡើងទូកទេសចរណ៍មួយនៅមាត់ទន្លេ បណ្តាលឲ្យលង់ទឹកទន្លេស្លាប់ នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកអភិបាលខណ្ឌបានបន្តទៀតថា ដោយសារមើលឃើញពី បញ្ហាអនាគតរបស់ក្មេង ត្រូវកំព្រារឪពុកម្តាយបែបនេះ ក្នុងនាមរដ្ឋបាលខណ្ឌ លោកបានចូលរួមជាកិច្ចការមនុស្សធម៌ និងមានការជួយទំនុកបម្រុង ទាំងកិច្ចការហូបចុក និងការស្នាក់នៅ បើសិនជាក្មេងធំលោកនឹងផ្គត់ផ្គង់ឲ្យបានចូលរៀនសូត្រត្រឹមត្រូវ ដោយរដ្ឋបាលខណ្ឌនឹងទទួលខុសត្រូវទាំងស្រុងដល់ក្មេងប្រុសម្នាក់នេះ។
លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «ថ្ងៃនេះយើងមានជាថវិកាតិចតួច និងអាហារកិច្ចប្រចាំខែ ក្នុងនោះបានជួយឧត្តមថវិកាចំនួន ២លានរៀល និងអាហារកិច្ចប្រចាំខែ ដើម្បីចិញ្ចឹមបីបាច់ដល់ក្មេងប្រុស ក្នុង១ខែ១០០ដុល្លារ និងថ្លៃជួយព្យាបាល ថ្នាំសង្កូវប្រចាំខែចំនួន ១០០ដុល្លារ និងសម្ភារជាគ្រឿងហូបចុកផ្សេងទៀត ដូចជា អង្ករ ទឹកដោះគោ ថវិកា៨០ដុល្លារ។ ចំណែកថ្ងៃដែលធ្វើបុណ្យសពដំបូងនោះ រដ្ឋបាលខណ្ឌដូនពេញបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពចំនួន ១លានរៀល រួចហើយ។
សូមជម្រាបថា ស្រ្តីរងគ្រោះជាម្ដាយមានឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
បើតាមការរៀបរាប់ពីឈ្មោះ ប៉ែន ម៉េងគី ត្រូវជាបងស្រីបង្កើតរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា ប្អូនស្រីគាត់ដែលស្លាប់នោះ នាងមានប្តីត្រឹមត្រូវបានកូនប្រុសម្នាក់ឈ្មោះ មាស សុវណ្ណរិទ្ធ អាយុ៥ឆ្នាំ និងរស់នៅជាមួយគាត់ តែបន្ទាប់ពីប្តីបានស្លាប់ដោយសារមានជំងឺ របេងក្អកធ្លាក់ឈាម ស្លាប់ចោលកូនប្រពន្ធហើយ ប្អូនស្រីគាត់បានមកធ្វើការរោងចក្រនៅភ្នំពេញ ក្រោយមកក៏ប្រាប់គាត់ថា ឈប់ធ្វើរោងចក្រហើយ មកបម្រើការងារនៅហាងបារាំងវិញ ព្រមទាំងមានប្តីជាជនជាតិអាហ្វ្រិកម្នាក់ទៀត បានកូនប្រុសម្នាក់ទៀត ពេលដែលកើតបានកូនប្រុសម្នាក់ទៀតហើយ ប្តីអាហ្រ្វិករូបនោះ បានយកកូននោះទៅពិនិត្យ DNA ឃើញថាជាឈាមរបស់គាត់ ហើយគាត់ក៏យកកូនទី២នោះទៅបាត់។
ក្រោយមកទៀត គាត់មិនដឹងថាប្អូនស្រីគាត់ធ្វើការអីនោះទេ ព្រោះប្អូនស្រីគាត់ចេះតែលាក់បាំងគាត់ជាបងរហូតមក តែប្អូនស្រីគាត់បានផ្ញើលុយកាក់ មកឲ្យចាក់ថ្នាំដល់កូនរបស់ខ្លួនជារៀងរាល់ខែ ព្រោះកូននេះ វាមានជំងឺទន់ដៃជើងដើរមិនរួចគេឡើយ ហើយក៏តែងតែយកទៅចាក់ថ្នាំក្រែងបានជាសះស្បើយនឹងគេ បើទោះបីក្នុង១ខែ ត្រូវចាក់ថ្នាំ១ដងអស់ថ្លៃដល់៨០ដុល្លារក៏ដោយ ក៏ប្អូនស្រីនៅតែខំរកប្រាក់ផ្ញើមកឲ្យគាត់យកកូនទៅចាក់ថ្នាំដែរ។
ស្រ្តីជាបងរបស់ស្រ្តីរងគ្រោះ បានបន្តទៀតថា លុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ គាត់បានទទួលព័ត៌មានថា ប្អូនស្រីគាត់ធ្លាក់ទឹកទន្លេលង់ស្លាប់នោះ គាត់ក៏ប្រញាប់មកពីខេត្តពោធិ៍សាត់ ដើម្បីមករកសពប្អូនស្រីរបស់គាត់ រហូតអណ្តែតនៅថ្ងៃបន្ទាប់ រួចក៏ត្រូវគេជួយបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី តែម្ដង៕