(សៀមរាប)៖ គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ ដែលគ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០១៧ខាងមុខ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដំណើរការដោយរលូន ការជួសជុល គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងមានការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីអ្នកជំនាញតាមផ្នែកផ្សេងៗ។
លោក យិត ចាន់ដារដ្ឋ ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការដ្ឋានជួសជុលសារមន្ទីរ បានចាប់ផ្តើមដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ គឺបានប្រើពេលជាង២ខែហើយ។ លោកបានបន្តថា ការជួសជុលជាសំខាន់ គឺផ្តោតលើដំបូល នៃអាគារទាំងមូល ដែលការទ្រុងទ្រោមកន្លងទៅ ធ្វើឲ្យសារមន្ទីររងការខូចខាតជាច្រើនកន្លែង ដូចជាការហូរច្រោះទឹកចូលក្នុងអាគារទាំងមូលជាដើម ហើយអ្នកជំនាញ កោសដំបូលចាស់ចេញ ហើយជំនួសដោយប្រើបច្ចេកទេសថ្មី ដើម្បីធានាពីគុណភាព។
លោក ហូរី សម្បត្តិ វិស្វករគ្រប់គ្រងការងារជួសជុល នៅការដ្ឋានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នៃក្រុមហ៊ុនសាតូ ដែលទទួលខុសត្រូវលើការងារជួសជុលនេះ បានឲ្យដឹងថា ដំបូលអាគារចាស់គេបានប្រើផ្លាស្ទិកក្រាល ដូច្នេះទើបវាមិនសូវមានគុណភាពយូរ ដែលបច្ចេកទេសចាស់នេះ យូរឆ្នាំវាធ្វើឲ្យមានការពុកផុយ និងធ្វើឲ្យទឹកចូលជ្រាបចូលទៅតាមពិតាន ទើបធ្វើឲ្យមានស្នាមប្រេះនៅក្នុងអាគារ។ លោកបន្ថែមថា បច្ចេកទេសថ្មី ដែលក្រុមហ៊ុនរបស់លោក យកមកធ្វើដំណោះស្រាយ គឺប្រក់សន្លឹកស័ង្កសីពីក្រោម មុននឹងប្រក់ក្បឿងពីលើ ហើយបច្ចេកទេសនេះ ធានាបានយូរអង្វែង មិនងាយខូចឡើយ។
ក្រៅពីការងារជួសជុលដំបូលដែលជាការងារសំខាន់ ក្នុងនោះទៀតសោត ការកែលម្អយ៉នៃអាគារ ក៏ជាការងារសំខាន់ផងដែរ ហើយក្រុមការងារបានជួសជុល រៀបចំប្រព័ន្ធហូរច្រោះថ្មី ធ្វើយ៉ាងណាឲ្យការហូរច្រោះទឹកភ្លៀងមានជម្រាលហូរកាត់។ ក្រៅពីនេះ មានការកែលម្អស្នាមប្រេះ និងលាបថ្នាំទាំងក្នុង និងក្រៅនៃអាគារ រួមនិងដូរបង្អួចមួយចំនួនធំផងដែរ។
គួររម្លឹកថា ការងារជាក់ស្តែងដែលក្រុមហ៊ុនសាតូ ទទួលពីក្រុមហ៊ុន AEON (អ៊ីអុង) មាន១០ចំណុច រួមមាន ជួសជុលដំបូល លាបថ្នាំពណ៌ ផ្លាស់ប្តូរបង្អួចអាលុយមីញ៉ូមខាងក្រៅ ដែលរងការខូចខាត ទៅជាបង្អួចស្លាបព្រិល ផ្លាស់ប្តូរបង្អួចឈើដែលពុកផុយ តសំយ៉ាបនៅលំហកណ្តាលនៃអាគារ កែសម្រួលប្រព័ន្ធហូរទឹកនៅខាងក្រៅអាងទឹក កែសម្រួលទ្វារធំដែលកកិតគ្នា ជួសជុលស្នាមប្រេះនៃជញ្ជាំង និងពិតាន ជួសជុលជណ្តើរឡើងទៅលើដំបូល ធ្វើជម្រាលជនពិការនៅច្រកចូល។
តាមការបញ្ជាក់ពីលោក យិត ចាន់ដារដ្ឋ ក្រៅពីចំណុចខាងលើនេះ ការងារផ្សេងៗទៀតជាបន្ទុករបស់អាជ្ញាធរជាតិអប្សរា រួមមាន រៀបចំការតាំងពិព័រណ៌ឡើងវិញ រៀបចំផ្សព្វផ្សាយ ធ្វើឲ្យមានភ្ញៀវទេសចរ អគ្គិសនី ម៉ាស៊ីនត្រជាក់ រួមនឹងការដឹកជញ្ជូនរូបបដិមា ក្នុងសារមន្ទីរទៅរក្សា នៅកន្លែងមានសុវត្ថិភាព។ល។
សូមបញ្ជាក់ដែរថា គម្រោងជួសជុលសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ គឺជាកិច្ចសហប្រតិបត្តិកររវាងភាគី៤ស្ថាប័ន ដោយរួមមាន អាជ្ញាធរជាតិអប្សរា មូលនិធិក្លឹបអ៊ីអុង១ភាគរយ (AEON 1% Club Foundation) ក្រុមហ៊ុនឧស្សាហកម្មសាតូ (កម្ពុជា) និងមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ក្រុមហ៊ុន អ៊ីអុង ជាអ្នករ៉ាប់រងចំណាយក្នុងការងារជួសជុលទាំងនេះ ក្រោយពីស្ថាប័ននេះ ជាអ្នកផ្តល់មូលនិធិកសាងសារមន្ទីរនេះនៅឆ្នាំ២០០៧ ចំណែកអាជ្ញាធរជាតិអប្សរា ជាអ្នកផ្តល់បច្ចេកទេស និងថែរក្សារូបបដិមា នៅក្នុងសារមន្ទីរទាំងមូល៕