(កណ្តាល)៖ លោកស្រី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ «៧ មករា» ជាការដាស់តឿន យុវជន យុវតីខ្មែរជំនាន់ក្រោយឲ្យបានចងចាំនូវសោកនាដកម្ម ដែលបានកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោកស្រី ឃួន សុដារី បានថ្លែងដូច្នេះក្នុងពេលប្រារព្ធពិធីអបអរសាទរខួប ៣៨ឆ្នាំ ថ្ងៃរំដោះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៧) នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។ ពិធីនេះត្រូវបានធ្វើឡើងនៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដោយមាន ការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះ ករ។
ក្នុងពិធីនោះ លោកស្រី ឃួន សុដារី បានគូសបញ្ជាក់ថា «ការរំលឹកឡើងនៃទិវាជ័យជំនះ៧ មករាគឺជាការដាស់តឿនដល់ កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់ ក៏ដូចជាយុវជនដែលទើបនឹងកើតនៅក្រោយថៃ្ងជ័យជម្នះ ៧ មករា ឱ្យចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវសោកនាដកម្មនៃគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ ដ៏មហាព្រៃផ្សៃ មកលើប្រជាជនកម្ពុជា កាលពីអំឡុងពួកវា (ប៉ុល ពត) កំពុងកាន់អំណាចទស្សវត្ស១៩៧៥-១៩៧៩»។
លោកស្រី បញ្ជាក់បន្ថែម «នេះគឺជាការបញ្ចប់សម័យកាលដ៏ខ្មៅងងឹត ហើយបង្កើតឡើងទំព័រសករាជថ្មី ដែលពីមុនកម្ពុជា ជាវាលពិឃាតជាតំបន់អសន្តិសុខជាចម្ការមីន ហើយតែងតែប្រើប្រាស់អាវុធ ដើម្បីដណ្តើមអំណាចគ្នា និងប្រទេសទទួលរងការហ៊ំព័ទ្ធ និងឯកកោខាងសេដ្ឋកិច្ច និងនយោបាយ តែឥឡូវបានប្រែក្លាយជា ប្រទេសមានសុខសន្តិភាពជាតំបន់ទេសចរណ៍ ជាប្រទេសគោរពយ៉ាងខ្ជាប់ខ្ជួនគោលការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងកំពុងសមាហរណកម្មខ្លួនទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក»។
លោកស្រី ឃួន សុដារី បានរំលឹកផងដែរថា ក្នុងសម័យកាលខ្មៅងងឹតនោះ ពលរដ្ឋគ្រប់រូបមិនត្រឹមតែរួចផុតពីការកាប់សម្លាប់នោះទេ ហើយថែមទាំងដឹងគុណចំពោះថៃ្ង ៧ មករា ដែលជាថៃ្ងផ្តល់កំណើតទីពី។
លោកស្រី ឃួន សុដារី ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកលើកដែកបានបញ្ជាក់ទៀតថា ជនណាក៏ដោយមិនអាចប្រែក្លាយទិវាជាតិ ដែលជាថៃ្ង នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ទៅជាថៃ្ងអ្វីទៀតបានឡើយ បើទោះបីខំព្យាយាមបំភ្លៃទិវាប្រវត្តិសាស្ត្រនេះតទៅទៀតយ៉ាងណាក៏ដោយ។
លោកស្រី ក៏បានគូសបញ្ជាក់ដែរថា ការប្រារព្ធទិវា ៧ មករា ឆ្នាំនេះ បានប្រព្រឹត្តិទៅស្របពេលកម្ពុជា បាននិងកំពុងបោះជំហ៊ានអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យជីវភាពរស់នៅប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ដោយឈរលើមូលដ្ឋានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដែលរំពឹងទុកអតិផរណារក្សាបានក្នុងកម្រិតទាបជាង៥ភាគរយ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧ភាគរយ ដូចការព្យាករពីដើមឆ្នាំ។ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤ភាគរយ សេវាកម្មមានកំណើន ៦,៧ភាគរយ និងវិស័យកសិកម្មមានកំណើនល្អជាងឆ្នាំមុន។
ឆ្លងតាមរយៈសា្នដៃ និងសមិទ្ធផលធំធេងរយៈពេលកន្លងមកនេះ លោកស្រី ឃួន សុដារី បានជំរុញដល់គណៈកម្មាធិការ បក្សគ្រប់លំដាប់ថា្នក់ ត្រូវយកចិត្តទុកដាក់លើ ការងារ ចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងត្រឹមត្រូវតាមនីតិវិធីនិងទម្រង់បែបបទដទៃទៀត តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕