(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Urban Living Solution ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Good Ray លើគម្រោងសាងសង់អគារស្នាក់នៅរួម URBAN HUB ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាច្រើនរូបផងដែរ។
លោក គាង គឹមលាង អ្នកគ្រប់គ្រង ក្រុមហ៊ុនUrban Living Solution បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងនគររូបនីយកម្ម និងការអភិវឌ្ឍន៍ឆាប់រហ័សនៅកម្ពុជា ធ្វើការបង្កើតដំណោះស្រាយបែបច្នៃប្រឌិត លើការសាងសង់កន្លែងរស់នៅក្នុងក្រុង ដែលមានលក្ខណៈរស់រវើក និងសមរម្យ ដែលជាកន្លែងធ្វើការតភ្ជាប់រវាងមនុស្ស និងមនុស្ស។
លោកថា «ក្រុមហ៊ុននឹងធ្វើការសាងសង់ភូមិ នៅក្នុងក្រុងដែលទាន់សម័យ សុវត្ថិភាព និងនិរន្ដរភាពសម្រាប់អ្នកជំនាញវ័យក្មេង ហើយយើងធ្វើការច្នៃប្រឌិត និងបង្កើតដោយពិចារណា លើការផ្លាស់ប្ដូរ នៃប្រជាសាស្ដ្រនៅកម្ពុជា»។
សូមបញ្ជាក់ថា ដំណាក់កាលទីមួយនៃគម្រោងមជ្ឈមណ្ឌលទីក្រុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Urban Living Solution ដែលមានទីតាំងពិសេស ចម្ងាយត្រឹមតែ៧៥០ម៉ែត្រឆ្លងពីស្ពានមុន្នីវង្ស តាមផ្លូវជាតិលេខ២ ជិតវត្តចាក់អង្រែលើ ស្ថិតក្នុងខណ្ឌមានជ័យ, ១.៤គីឡូម៉ែត្រ ពីសាលាភ្នំពេញអន្ដរជាតិ (ISPP), ត្រឹមតែ ៣.៩គីឡូម៉ែត្រ ពីផ្សារទួលទំពូង និង៤.២គីឡូម៉ែត្រវិមានឯករាជ្យ។
បន្ថែមពីនេះ ក្រោយបញ្ចប់ចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំង២ នឹងធ្វើការសុំច្បាប់អនុញ្ញាតិពីស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយនឹងដំណើរការបុកគ្រឹះសាងសង់ នៅដើមខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ដែលមានលំនៅដ្ឋាន៦០០ ដោយលំនៅដ្ឋាននីមួយៗមានទំហំប្រហែល ៥០ម៉ែត្រការេ និងតម្លៃ៤០ភាគរយនៃតម្លៃទីផ្សារ ពោលគឺតម្លៃប្រហែល៣៥,០០០ដុល្លារ តែប៉ុណ្ណោះ៕