(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅរសៀល ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧នេះ បានប្រារព្ធកម្មវិធីអបអរសាទរ ទ្រង់ទ្រាយធំ ដើម្បីរំលឹកដល់ជោគជ័យ ដែលក្រុមហ៊ុនសម្រេចបាននៅឆ្នាំ ២០១៦ និង ដើម្បីចាប់ផ្ដើមឆ្នាំថ្មីជាមួយនឹងជោគជ័យកាន់តែខ្លាំងជាងមុន។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលមានចំនួនសរុបប្រមាណ៤០០នាក់។
ថ្លែងក្នុងឱកាសនៃការប្រារព្ធកម្មវិធីនេះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ថ្លែងថា៖ «នេះជាឆ្នាំទី ៥ ហើយដែលយើងបានធ្វើអាជីវកម្មនៅប្រទេសកម្ពុជានេះ ហើយខ្ញុំមានមោទនភាពណាស់ដែលយើងទទួលបានកាជឿទុកចិត្តពីប្រជាជនកម្ពុជាកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំសូមអរគុណចំពោះទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យធានារ៉ាប់រងអាយុជីវិត ជាពិសេសក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅកម្ពុជារហូតមកដល់ពេលនេះ»។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយលើពិភពលោក ដែលមានប្រវត្តិនៃប្រតិបត្តិការ អាជីវកម្មរបស់ខ្លួនអស់រយៈពេល១៣០ មកហើយនៅប្រទេសកាណាដា។ ក្រុមហ៊ុនដ៏ធំនេះ បានចូលមកកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានភាគហ៊ុនបរទេស១០០% ដំបូងគេនៅកម្ពុជា៕