(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសង្ឃឹមជឿជាក់ថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ខាងមុខនេះ នៅប្រទេសកម្ពុជា នឹងគ្មានការរារាំងប្រជាពលរដ្ឋណាម្នាក់ មិនឲ្យបោះឆ្នោតដោយចោទថាជាជនជាតិវៀតណាម ដូចការបោះឆ្នោតអាណត្តិមុនឡើយ ព្រោះការបញ្ជាក់សញ្ជាតិខ្មែរនេះ ត្រូវបានធ្វើលម្អិតជាមុនជាច្រើនដំណាក់កាលហើយ, នេះបើតាមការបញ្ជាក់របស់ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។
លោក គួយ ប៊ុនរឿន បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោកអនុប្រធានបាននិយាយយ៉ាងដូច្នេះថា «នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ខាងមុខ យើងសង្ឃឹមជឿជាក់ថា នឹងមិនអាចមានសកម្មភាពរារាំង ឬបាតុភាពណាមួយកើតឡើង ដូចនៅឆ្នាំ២០១៣ ទៀតទេ»។
លោក គួយ ប៊ុនរឿង បានបញ្ជាក់ថា «តាមការចុះឈ្មោះបោះឆ្នោត ឥឡូវនេះ គ.ជ.ប បើកសិទ្ធិក្នុងពេលបិទផ្សាយបញ្ជីដំបូងហ្នឹង គឺផ្ដល់សិទ្ធិឲ្យមានការប្ដឹងជំទាស់ តាមច្បាប់ចែង ប្រជាពលរដ្ឋមានសិទ្ធិប្ដឹងតវ៉ា និងប្ដឹងជំទាស់ ទៅលើជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ហ្ចឹងច្បាប់អនុញ្ញាតឲ្យលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្ដឹងជំទាស់ បើមើលឃើញថាជននោះ មិនមែនជាសញ្ជាត់ខ្មែរ មិនទាន់គ្រប់អាយុ និងជនដែលជាប់ពិរុទ្ធជាដើម គឺអាចប្ដឹងបាន»។
ដោយឡែក មន្រ្តីច្បាប់ម្នាក់បម្រើការក្នុងអង្គការខំមហ្រ្វែល លោក យឿង សុធារ៉ា បានលើកឡើងថា ប្រសិនបើ គ.ជ.ប អនុវត្តតាមនីតិវិធីត្រឹមត្រូវ ប្រហែលជាអាចបញ្ចៀសការរារាំង ក៏ដូចជាសកម្មភាពបាតុភាពនានា ដូចឆ្នាំ២០១៣បាន តែវាក៏អាស្រ័យទៅលើស្ថានភាពនយោបាយ និងស្ថានភាពជាក់ស្ដែងបានភាពល្អប្រសើរ ក្នុងពេលបោះឆ្នោតផងដែរ។
លោកថា «បើសិនជាស្ថានភាពនៅពេលនោះ មានការអនុវត្តតឹងតែង ឃើញខុសចាប់ដាក់ទោស ពោលគឺប្រើច្បាប់អាជ្ញាសឹកតឹងតែង ហើយបើសិនបើមានការគៀបសង្កត់ណាមួយ ពីគណបក្សនយោបាយធំៗ ខ្ញុំគិតថាអាចនឹងមានបញ្ហាទាំងនោះកើតឡើង»។
ទោះយ៉ាងណា លោក គួយ ប៊ុនរឿន បានបញ្ជាក់ទៀតថា តាមរយៈការចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០១៦ កន្លងទៅ គ.ជ.ប សង្កេតឃើញថា ខេត្តមួយចំនួនដែលធ្លាប់តែមានឈ្មោះបោះឆ្នោតច្រើន ក្នុងបញ្ជីបោះឆ្នោតចាស់ (សង្ស័យជនជាតិវៀតណាម) ដូចជាខេត្តកណ្ដាល ខេត្តសៀមរាបជាដើម បែរជាមានការថយចុះ នៅពេល គ.ជ.ប ធ្វើការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ៕