(ភ្នំពេញ)៖ សកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ដែលមានអាយុកាល១៥ឆ្នាំមកហើយនេះ បានចាប់ផ្ដើមប្រមូលឲ្យមានការជួបជុំឡើងវិញ ទាំងសាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិស្សិតគ្រប់ជំនាន់ ដែលធ្លាប់បានសិក្សា និងកំពុងសិក្សាក្នុងសកលវិទ្យាល័យនេះ។
ក្នុងពិធីជួបជុំដែលមានបណ្ដាអតីតនិស្សិត និងនិស្សិតរាប់រយនាក់ក្នុងជំនាន់ទី១១ ជំនាន់ទី១២ និងជំនាន់ទី១៣ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ជា ចំរើន សហប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ផាភិបាល សម្ដេចហ៊ុន សែន ដែលបានគាំទ្រ និងលើកស្ទួយឲ្យសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបើកដំណើរការ ផ្ដល់ចំណេះវិទ្យាឲ្យមន្ត្រីរាជការ និស្សិតតាំងពីឆ្នាំ ២០០២មកម្ល៉េះ។
លោកថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ សកលវិទ្យាល័យ បានបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត បានរាប់ពាន់នាក់ប្រកបដោយគុណភាព និងចំណេះដឹងទូលំទូលាយ មានសមត្ថភាពខ្ពស់ ក្នុងការបំរើកិច្ចការសង្គម រាជរដ្ផាភិបាល ក៏ដូចជាការប្រកបនូវមុខជំនួញទទួលបានភាពជោគជ័យគួរឲ្យមោទនភាពក្រៃលែង។
ជាមួយគ្នានោះ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ បានថ្លែងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ឲ្យបន្តការខិតខំបង្ហាត់បង្រៀននិស្សិត ឲ្យកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគុណភាព ដោយឈរលើស្មារតីរួមសុខ រួមទុក្ខ រួមដោះស្រាយក្នុងពេលដែលសកលវិទ្យាល័យ ចាប់ផ្ដើមមានការសិក្សាជាថ្មីឡើងវិញក្នុងឆ្នាំថ្មី ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា សកលវិទ្យាល័យត្រូវបានកែទម្រង់ថ្នាក់ដឹកនាំ ដើម្បីជាកម្លាំងជំរុញ ឲ្យមានដំណើរការកាន់តែរលួនថែមមួយកំរិតទៀត ក្នុងនោះសកលវិទ្យាល័យ បានសម្រេចតែងតាំងលោក ឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងតែងតាំងលោកបណ្ឌិត ជា ចំរើន ជាសហប្រធានក្រុមប្រឹក្សាភិបាល៕