(បន្ទាយមានជ័យ)៖ បុរសជាជនជាតិខ្មែរឥស្លាមម្នាក់ ខណៈដែលទៅដាក់អន្ទាក់សត្វ បែរជាជាន់មីនបណ្ដាលឲ្យដាច់ជើងម្ខាង នៅផ្នែកខាងឆ្វេង គួរឲ្យអាសូរបំផុត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ ឈ្មោះ កូប ម៉ាត ភេទប្រុស មានអាយុ ៤៧ឆ្នាំ រស់នៅភូមិបាលិយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបន្តទៀតថា មូលហេតុដែលបណ្តាល ឲ្យបុរសខាងលើត្រូវគ្រាប់មីននោះ គឺរូបគាត់បានដើរចូលព្រៃ ដើម្បីទាក់សត្វលលក ពេលនោះក៏ជាន់មីនបង្សល់ តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងឆ្វេង។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីពេទ្យបង្អែក ស្រុកមង្គលបូរី កំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ហើយនៅពេលនេះ ។
សូមរំលឹកថា ករណីខាងលើនេះ គ្រាប់មីនមិនទាន់ផ្ទុះមាននៅកប់ ក្នុងដីច្រើនណាស់ជាពិសេសដីព្រៃដែលនៅជាប់ និងព្រំដែនរបស់ កម្ពុជាថៃ គឺគ្រាប់មីនបានបន្សល់ទុកតាំងពីសម័យ សង្គ្រាមជាច្រើន ជំនាន់មកហើយ កន្លងទៅក៏ធ្លាប់មានពលរដ្ឋខ្មែរ បានរងគ្រោះ ដោយសារតែគ្រាប់មិនទាន់នេះដែរ៕