(កំពង់ចាម)៖ លោក វ៉េង សុធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងលោកស្រី តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ បាននាំយកមូលនិធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ចែកជូនប្រជាពលរដ្ឋដែលឆ្លងទន្លេចំនួន៣គ្រួសារ និងគ្រួសារ ទទួលមរណភាពមួយគ្រួសារ នៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ។
លោក វ៉េង សុធី និងលោកស្រី តោ ពិឡា បានថ្លែងដូច្នេះថា បច្ចុប្បន្នក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តដាក់ខ្ពស់ ប្រជាជនមានភាពស្អិតរមួត។
លោកបានបន្តថា សូមឲ្យប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោត សូមចូលរួមទៅកន្លែង ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជី បោះឆ្នោតថ្មី គឺជាបញ្ហាដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ ព្រោះទាល់តែ មានឈ្មោះត្រឹមត្រូវ ក្នុងបញ្ជីបោះឆ្នោតថ្មី ទើបប្រជាពលរដ្ឋអាចចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និង ការបោះឆ្នោតជាតិអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋឆ្លងទន្លេចំនួន៣គ្រួសារ និងគ្រួសារមានសមាជិកមរណភាព១គ្រួសារ ដោយ១គ្រួសារទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងសំភារៈមួយចំនួនធំ ព្រមទាំងបានចែកប្រេងក្រឡា ចំនួន២២០ដប ចែកជូនដល់ប្រជាពលរដ្ឋ ចូលរួមសំណេះសំណាល ព្រមទាំងបានលើកស្លាកគណបក្សប្រជាជនកម្ពុជា១ផ្ទាំងធំ៕