(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News ចេញផ្សាយអំពីករណីថា ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ប្រកាសប្រាប់សាធារណជនឲ្យប្រយ័ត្ន ចាញ់បោកជនឆបោកមួយចំនួន ដែលកំពុងដើរបំផុសលក់ដីឡូតិ៍ ដោយបានអះអាងថា ជាគម្រោងរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា នាពេលថ្មីៗនេះ, នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ លោក សុភាព ជាអ្នកគួកជេដី និងម្ចាស់ Facebook ឈ្មោះ «New Generation» បានសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះលោកឧកញ៉ា ម៉ុង ប្ញទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប និងលោក ធិប ចន្រ្ទា ប្រធានក្រុមហ៊ុន ហ្វាមើរីរ៉ា ឌីវើឡុបមេន ដែលបានបង្ហោះរូបភាព និងសរសេរអក្សរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោកទាំងពីរ។
នៅក្នុងលិខិតសុំទោសនោះបានសរសេរថា៖ «សូមមេត្តាលើកលែងទោស និងអនុគ្រោះដល់រូបខ្ញុំបាទផង។ ចំពោះបងប្អូនដែលបាន Share និង Comment ជេរខ្ញុំយ៉ាងខ្លាំងៗទាំងអស់ខ្ញុំពិតជាពិបាកទទួលយកណាស់ តែសុខចិត្តព្រមទទួលកំហុសមួយនេះ»។
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងនៅលើទំព័រ Facebook របស់លោកថា «សូមមេត្តាប្រុងប្រយ័ត្នអានេះបោកប្រាស់ទាំងរស់ ខ្ញុំអត់មានគម្រោងនេះទេ កុំចាញ់ការឃោសនានេះឲ្យសោះ»៕