ឆ្នាំ២០១៦ រោងចក្រកាត់ដេនៅកម្ពុជា បិទទ្វារប្រមាណ១៤១កន្លែង ខណៈរោងចក្រកើតថ្មី១៤៩កន្លែង, មន្រ្តីថាមិនមានបញ្ហាទេ (Video inside)
06-01-2017 14:38
(ភ្នំពេញ)៖ នៅឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រកាត់ដេរបិទទ្វារចំនួន ១៤១កន្លែង ប៉ុន្តែទោះជាយ៉ាងណាក្តី របាយការណ៍ របស់ក្រសួងការងារបានរកឃើញថា នៅឆ្នាំ២០១៦នេះ ក៏មានរោងចក្រកាត់ដេរបើកថ្មីចំនួន១៤៩កន្លែង ច្រើនជាងរោងចក្រដែលបិទទ្វដែរ ថែមទៀតដែរ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ថា បានចាត់ទុកថា ករណីនេះ មិនបានបង្កភាពអត់ការងារធ្វើដល់កម្មករកម្ពុជាទេ ដោយសារតែចំនួនរោងចក្រកើតច្រើនជាងបិទទ្វា។ លោក ហេង សួរ បានឲ្យដឹងថា «រោងចក្រកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា បានបិទអស់ ១៤១ តែក្នុងនោះក៏មានរោងចក្រកាត់ដេរ និងផលិតស្បែកជើង ក៏បានបើកថ្មី ១៤៩ដែរ»។
លោកអ្នកនាំពាក្យបានបន្តថា ក្រៅពីនេះ ក៏មានរោងចក្រ-សហគ្រាសផ្សេងពីរោងចក្រកាត់ដេរ និងផលិតស្បែកជើង បានបើកថ្មីមានជាង៤៦០ទៀតដែរ។ លោកបន្ថែមថា កំណើននេះ នៅអាចរក្សាសមតុល្យនៃកម្លាំងពលកម្មក្នុងប្រទេសកម្ពុជា ពោលគឺនៅអាចឆ្លើយតបជាមួយតម្រូវការស្វែងរកកការងាររបស់កម្មករនិយោជិតបានល្អ ក្នុងឆ្នាំ២០១៦នោះ ល្អជាងឆ្នាំ២០១៥។
សូមជម្រាបថា នៅឆ្នាំ២០១៥ មានរោងចក្រកាត់ដេរបើកថ្មីចំនួន ៤៣កន្លែង តែបានបិទទ្វារអស់ ៧៧កន្លែង។ ហើយក្រសួងការងារបានរំពឹងថា នៅឆ្នាំ២០១៧ ការបើកទ្វារនៃរោងចក្រកាតដេរទាំងនេះ នឹងមានកំណើនជាងឆ្នាំមុនៗ៕