(រតនគីរី)៖ ទីបំផុតទៅមន្រ្តីសិទ្ធិមនុស្សអាដហុកដ៏លិចធ្លោរមួយរូបប្រចាំខេត្តរតនគិរី លោក ឆាយ ធី បានសម្រេចដាក់ពាក្យលាឈប់ពីការងារជាមន្រ្តីការពារសិទ្ធិមនុស្ស ទៅបម្រើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។ ការផ្លាស់ប្តូរនេះ ព្រោះតែលោកចង់ទទួលបានឱកាសចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋាន និងការពេញចិត្តពេញថ្លើមចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ឆាយ ធី ដែលបានបម្រើការងារជាមន្រ្តីការពារសិទ្ធិមនុស្សក្រោមដំបូលរបស់អង្គការសិទ្ធិមនុស្សអាដហុកអស់រយៈពេល ៨ឆ្នាំមក ហើយនោះ បានប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា លោក បានបញ្ជូនពាក្យលាឈប់ទៅអង្គការសិទ្ធិមនុស្សអាដហុករួចរាល់ហើយតាមរយៈលោក ស៊ុម ច័ន្ទគា ហើយលោកឈប់ពីការនៅក្នុងអង្គការ នៅចុងខែមករានេះ។
លោក ឆាយ ធី ក៏បានឲ្យដឹងដែរថា ទន្ទឹមនឹងការដាក់ពាក្យលាឈប់ពីអង្គការអាដហុក លោកក៏បានដាក់ពាក្យចូលជាសមាជិកគណបក្ស ប្រជាជនកម្ពុជា តាមរយៈលោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយពង្រឹងខេត្តរតនគិរី ព្រមទាំងតាមរយៈគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។
លោក ឆាយ ធី ដែលមានវ័យ ៤៨ឆ្នាំ និងជាអ្នកមានទីលំនៅក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានគូសបញ្ជាក់ដែរថា ការលាឈប់ពីការងារជាមន្រ្តីសិទ្ធិមនុស្ស ក៏ដោយសារតែរូបលោកចង់ទទួលបានឱកាសកាន់តែច្រើនថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍នៅ មូលដ្ឋាន ខណៈដែលការធ្វើជាមន្រ្តីសិទ្ធិមនុស្សបានត្រឹមតែការពារ និងលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ទន្ទឹមនិងការចង់លើកចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋានហើយនោះ លោក ឆាយ ធី ក៏បានបង្ហាញពីការពេញចិត្តពេញថ្លើមលើការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។ ការធ្វើកំណែទម្រង់ក្នុងការផ្តល់ឱកាសឲ្យមនុស្សជំនាន់ថ្មី វ័យក្មេងមានការបានបម្រើការងារ ក៏ដូចជាការដាក់ចេញគោលនយោបាយផ្លាស់ប្តូរមេឃុំចាស់ៗ ក៏ជាការជំរុញ និងលើកទឹកចិត្តឲ្យលោក ឆាយ ធី ចង់បម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា។
បើតាមលោក ឆាយ ធី មកដល់ពេលនេះតាមរយៈលោក លី ធុជ និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី គឺលោកទទួលបានភ្លើងខៀវច្រើនហើយក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងការឈរឈ្មោះជាបេក្ខភាពមេឃុំនៅក្នុងឃុំប៉ាតេ ដែលជាឃុំលោកកំពុងរស់នៅ។
លោក ឆាយ ធី ធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោកនឹងដាក់ពាក្យចូលរួមប្រកួតប្រជែងយកតំណែងជាមេឃុំនៅក្នុងឃុំប៉ាតេ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ តំណែងមេឃុំ នៅក្នុងឃុំប៉ាតេ នេះ ត្រូវបានគ្រប់គ្រងដោយមន្រ្តីមកពីគណបក្សសម រង្ស៊ី ចំនួនពីរអាណត្តិមកហើយ។
ការចង់ក្លាយជាមេឃុំរបស់លោក ឆាយ ធី បានធ្វើឲ្យមានការសាទរផងដែរ ពីអ្នកតាមដានបញ្ហាសង្គម។ ការសាទរនេះ ដោយសារលោក ឆាយ ធី គឺជាបុគ្គលមានសមត្ថភាពមួយរូបតាមរយៈសកម្មភាពក្នុងការបម្រើការងារជាមន្រ្តីសិទ្ធិមនុស្សនាពេលកន្លងទៅ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរ។
ការដាក់មេឃុំ ដែលមានសមត្ថភាព និងមានចំណេះដឹងច្រើននេះ អាចនឹងចូលរួមការអភិវឌ្ឍនៅតាមមូលដ្ឋាន កាន់តែមានប្រសិទ្ធភាព៕