(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ដប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀន ជាក់ស្ដែងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលជំនាញរបស់លោក បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះជនបរទេសម្នាក់ ដោយដកហូតបានថ្នាំ២៧កញ្ចប់ នៅ៣ទីតាំងផ្សេងគ្នា។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបង្ក្រាបនៅករណីទី១៖ នៅវេលាម៉ោង៩៖៤០នាទី នៅចំណុច​​​រង្វង់មូលតោ២ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ ដោយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងរឹត​បន្តឹងការអនុវត្ត​ច្បាប់ចរាចរណ៍​ ​ពេលនោះកម្លាំងបានឆែកឃើញ ជនជាតិអាមេរិកម្នាក់ ឈ្មោះ Soto Michael មានថ្នាំញៀនម៉ាទឹកកក៨កញ្ចប់ និងកញ្ឆា១កញ្ចប់ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ករណីទី២៖ ​នៅសង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានឈ្មោះ​ ឡាង ទី អាយុ៣១ឆ្នាំ, ​ឈ្មោះ ដាំ ម៉ី​ អាយុ១៨ឆ្នាំ និងឈ្មោះ ផៃ ប៊ុនឈាង​ អាយុ១៩ឆ្នាំ ដកហូតបាន​ថ្នាំញៀនមេតំហ្វេតាមីន១១កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងលុយចំនួន៥០,០០០រៀល​។​

ករណីទី៣៖ ​នៅសង្កាត់៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទី សេង ​អាយុ២២ឆ្នាំ ដកហូតបាន​ថ្នាំញៀន​ មេតំហ្វេតាមីន៨កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។

បើតាមមន្រ្តីនគរបាល ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបញ្ជូនខ្លួនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមច្បាប់៕