(ភ្នំពេញ)៖ បុរសម្នាក់វាយប្រពន្ធរបស់ខ្លួននឹងវែកសម្ល រហូតដាច់ខ្យល់ស្លាប់ រួចបញ្ជូនទៅមន្ទីរពេទ្យដោយប្រាប់ថា ប្រពន្ធដួលក្នុងបន្ទប់ទឹក តែចុងក្រោយបែកការត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយវាយប្រពន្ធកាលពីល្ងាចមិញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យជាប្ដី បានបញ្ជាក់ថា នៅម៉ោងប្រមាណ ជាង១១យប់ថ្ងៃទី៥ ខែមករា ខ្លួននឹងប្រពន្ធបានឈ្លោះប្រកែកគ្នា ដោយសាររឿងផឹកសីុ ហើយជនសង្ស័យបានយកវែកសម្ល វាយរហូតដល់ប្រពន្ធរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ នៅម៉ោងប្រមាណ៥ទាបភ្លឺ ថ្ងៃទី៦ ខែមករានេះ។

លោកអធិការបញ្ជាក់ថា ពេលនោះជនសង្ស័យបានបញ្ជូនប្រពន្ធរបស់ខ្លួនមកមន្ទីរពេទ្យ ដោយប្រាប់គ្រូពេទ្យថា ប្រពន្ធដួលបោកក្បាលក្នុងបន្ទប់ទឹក ប៉ុន្ដែពេលនោះ ដំណឹងនេះបានដឹងឮដល់សមត្ថកិច្ចរបស់មូលដ្ឋាន ហើយបានបើកការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះមិនស្លាប់ដោយសារដួលក្នុងបន្ទប់នោះទេ គឺជនជាប្ដីវាយរហូតដល់ស្លាប់។ បើតាមលោកអធិការ អ្វីដែលគួរឲ្យអាណិតនោះ គឺក្មេងតូចៗ៣នាក់ នៅកំព្រា ពីព្រោះម្តាយត្រូវស្លាប់ និងឪពុកត្រូវជាប់គុក។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញ នាំទៅចង្អុលបង្ហាញនៅកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕