(ព្រះសីហនុ)៖ បុរសជនបរទេសម្នាក់ កំពុងអង្គុយផឹកស្រាក្រឡុកលើកៅអីផ្តៅ នៅលើឆ្នេរខ្សាច់មាត់សមុទ្រសុខៗ ស្រាប់តែប្រកាច់ផ្ងារមកក្រោយ ដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចឆ្នេរ អូរឈើទាល ស្ថិតក្នុងក្រុម១៤ ភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសជនរងគ្រោះឈ្មោះ DAVID COOK អាយុ៧១ឆ្នាំ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែន លេខ542945063 ទិដ្ឋាការលេខ TI12010060។
នគរបាលបញ្ជាក់ថា ជនបរទេសរូបនេះ ចូលស្នាក់នៅ ផ្ទះសំណាក់ GBT2 បន្ទប់៥៦៣ កាលពីរសៀលថ្ងៃកើតហេតុ ក្រោយមកជនរងគ្រោះបានដើរលេងតាមឆ្នេរ រួចហើយក៏បានចូលផឹក ស្រាក្រឡុក១កែវ និងស្រាបៀរ១កែវ លុះផឹកបានមួយសន្ទុះក៏មានអាការៈ ដង្ហក់បញ្ឈរភ្នែករួចក៏ប្រកាច់បះជើងទៅក្រោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
យោងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះ សាកសព ស្លាប់ដោយ ជម្ងឺ(គាំងបេះដូង)។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកទៅរក្សារទុក នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំក្រុមគ្រួសារ និងស្ថានទូតមកទទួលយកទៅស្រុកកំណើតវិញ៕