Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឬស្សីកែវ ពន្លឿនឲ្យក្រុមហ៊ុន KN ស្ថាបនាផ្លូវបេតុងច្រកចូលផ្សារគីឡូ៦ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ

06-01-2017 12:38

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យ ការដ្ឋានធ្វើផ្លូវបេតុង ១ខ្សែ នៅច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ ហៅផ្សារឆេកូ ទល់មុខស្ថានីទូរទស្សន៍ CTN កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងប្រាប់ឲ្យតំណាងក្រុមហ៊ុនធ្វើផ្លូវយ៉ាងណា ជួយពន្លឿនក្នុងការស្ថាបនា ឲ្យរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋ ព្រមទាំងក្រុមអាជីវករលក់ដូរទូទៅ។

ក្នុងការចុះត្រួតពិនិត្យ និងជម្រុញពន្លឿនបន្ថែម ក្នុងការស្ថាបនាផ្លូវនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៍បានឆ្លៀតសួរសុខទុក និងសំណេះសំណាលជាមួយបងប្អូន អាជីវករលក់ដូរតាមដងផ្លូវថា «សូមបងប្អូនទាំងអស់គ្នាជួយសហការ ដោយអត់ទ្រាំបន្តិចទៀតផ្លូវមួយខ្សែនេះ ប្រាកដជាស្ថាបនារួចរាល់មិនខាន ហើយអាចជួយ សម្រួលទាំងការធ្វើដំណើរ និងប្រកបរបរទទួលទាន បានយ៉ាងងាយស្រួល ពីព្រោះ ក្រុមហ៊ុន KN ដែលជាក្រុមហ៊ុនធ្វើផ្លូវ ជួយពន្លឿនក្នុងការស្ថាបនាផ្លូវនេះ ឲ្យបានរួចរាល់យ៉ាងឆាប់រហ័ស។

លោកបន្តថា ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវបញ្ហា ផ្លូវមិនល្អពិបាកធ្វើដំណើរ ទើបអាជ្ញាធរយើងសម្រេចបើកការដ្ឋាន ក្នុងការស្ថាបនាផ្លូវបេតុង ឆ្អឹងដែក១ខ្សែនេះតែម្ដង។

លោកបន្តថា ផ្លូវបេតុ១ខ្សែនេះ មានប្រវែង ៣៧៥ម៉ែត្រគុណ៦ម៉ែត្រ ចាប់ពីច្រកចូលផ្សារឆេកូ រហូតដល់ផ្លូវរទេះភ្លើង ប្រើអស់ថវិកាចំនួន ៣៨៩,២៥០,០០០រៀល ស្មើនឹង ៩៤,៩៣៩ដុល្លារដែលជាថវិកាមូលនិធិរបស់ខណ្ឌក្នុង ឆ្នាំ២០១៦៕