(កណ្តាល)៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប អនុប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ៧ មករា ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសិទ្ធិសេរីភាព សុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប លើកឡើងដូច្នេះក្នុងពិធីរំឭកខួបអនុស្សាវីយ៍លើកទី៣៨ នៃទិវាជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៧ ដែលបានរៀបចំនៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល។
ពិធីនេះត្រូវបានរៀបចំយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់បណ្ឌិត ហ៊ាន សាហ៊ីប ហើយក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ នៃគណៈពង្រឹងមូលដ្ឋានស្រុក និង គណៈពង្រឹងមូលដ្ឋានឃុំ សមាជិកសមាជិការនៃគណៈកម្មាធិការគណបក្សស្រុក មន្ទីរបក្សជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ រួមទាំងកងនគរបាល កងសិករង និង កងរាជអាវុធហាត់ស្រុក ប្រធាន និង សមាជិកសមាជិកាគណបក្សឃុំ ប្រធានសាខាបក្សតាមសាលារៀន និង មណ្ឌលសុខភាព សិស្សកាយឫទ្ធិ និង កាកបាទក្រហមនៃវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល រួមនិងប្រជាពលរដ្ឋនៅឃុំព្រែកតាមាក់ សរុបជាង ៥០០នាក់។
លោក ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីនោះថា ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០១៧) ជាទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងជាចំណុចចាប់ផ្តើមនៃការរស់ឡើងវិញ ទាំងអាយុជីវិត សិទ្ធិសេរីភាព និង ការកសាងសុខសន្តិភាពពេញបរិបូរណ៍ ដែលជាកាលានុវត្តភាពនៃការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាដូចសព្វថ្ងៃនេះ។
លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ដូច្នេះ «ឈរលើមូលដ្ឋាន នៃជ័យជម្នះ «ថ្ងៃ ៧ មករា» កម្ពុជាបានវិវឌ្ឍន៍ឈានឡើងជាលដំដាប់ចេញពីចំណុចសូន្យ ពោលគឺ កម្ពុជាពីមុនដែលជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ឥឡូវបានក្លាយជាទឹកដីសន្តិភាព និង ការអភិវឌ្ឍ។
កម្ពុជាពីមុនដែលតែងតែប្រើអាវុធដើម្បីដណ្តើមអំណាចគ្នា ឥឡូវបានក្លាយជាជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជាពីមុន ដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និង ឯកោ ទាំងខាងសេដ្ឋកិច្ច និង នយោ បាយ ឥឡូវបានក្លាយទៅជាប្រទេស ដែលកំពុងសមាហរណកម្ម ខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និង ពិភពលោក។ កម្ពុជាពីមុនជាប្រទេសគ្របដណ្តប់ដោយភាពក្រីក្រ និង មានអសន្តិសុខស្បៀង ឥឡូវបានក្លាយទៅជាប្រទេសនាំស្បៀងចេញជាដើម»។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបន្តថា ៧ មករា បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស ហើយកត្តាសុខសន្តិភាពនេះ បានផ្តល់ឱ្យ នូវសមិទ្ធផលជាច្រើនរួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធបណ្តាញ អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ ការកើនឡើងនូវរោងចក្រ សហគ្រាស ភ្ញៀវទេសចរ ការងារជាដើម៕