(ភ្នំពេញ)៖ សិក្ខាកាមថ្នាក់នាយទាហានជើងគោកម្នាក់ នៅវិទ្យាស្ថានកងទ័ពជើងគោក-ថ្លុកតាសេក បានស្លាប់នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់រូបគេលោតឆ័ត្រយោងពីលើឧទ្ធម្ភាគចក្រ ហើយធ្លាក់មកដីដោយសារឆ័ត្រយោងនោះមិនរលាស់។ នេះបើតាមការបញ្ជាក់ពី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាគ្រាដែលសិក្ខាកាមនាយឧត្តមសេនីយ៍ទាំងនោះ ឆ្លងកាត់វិញ្ញាសារលោតឆ័ត្រយោង ពេលបញ្ចប់កម្មសិក្សារបស់ខ្លួន។
លោក ឈុំ សុជាតិ បាននិយាយថា «ជាធម្មតាសិក្ខាកាមពេលដែលរៀនចំ គេមានកម្មវិធីលោតឆ័ត្រយោង ប៉ុន្តែគួរឱ្យស្តាយដោយ សារតែឆ័ត្រយោងគាត់មិនរលាស់»។ ប៉ុន្តែលោកបានបន្ថែមថា ករណីនេះភាគីពាក់ព័ន្ធនៅក្នុងក្រសួងការពារជាតិ កំពុងពិនិត្យ និងស៊ើបសួរបន្ថែមទៀត។
លោកសុំបដិសេធមិនផ្តល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណជនរងគ្រោះ៕