(សៀមរាប)៖ កម្លាំងសាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប គណៈកម្មការផ្សារ និងអាជ្ញាដែនដី នៅទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារកំពង់ក្តី និងនៅតាមផ្ទះជុំវិញនៃផ្សារកំពង់ក្តី ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
មន្រ្តីកាំកុងត្រូលម្នាក់បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបមួយចំនួន រួមមាន៖ អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ ទំពាំងជ្រក់ សណ្តែកបណ្តុះ ស្កត្នោត សរសៃគុយទាវ សាច់ក្រក ប្រហុក ផ្អក ណែមសាច់ត្រី រួចមក ជាលទ្ធផលគឺទទួលបានលទ្ធផលល្អ អំបិលមានសារធាតុអ៊ីយ៉ូតល្អ ហើយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid, Sodium Hydrosulfite និង Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែក ចំពោះការពិនិត្យមើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំង លក់នៅតាមផ្ទះមួយចំនួន ស្ថិតនៅជុំវិញផ្សារកំពុង់ក្តី រួចមក ជាលទ្ធផល សមត្ថកិច្ចពិនិត្យឃើញ មានផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប ដកហូតយកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ។
ផលិតផលខូចគុណភាពទាំងនោះ រួមមាន៖ ទឹកក្រូចដបជ័រចំនួន៦ដប, ទឹកផ្លែឈើដបជ័រចម្រុះផលិតនៅថៃ ចំនួន១៩ដប, នំកញ្ចប់ផលិតនៅថៃ ចំនួន១០កញ្ចប់, នំត្រីបំពងផលិតនៅចិន ចំនួន៩ប្រអប់, បឺរកំប៉ុងផលិតនៅវៀតណាម ចំនួន៤៦កំប៉ុង, កាហ្វេផលិតនៅវៀតណាម ចំនួន៣កញ្ចប់ធំ។
មន្រ្តីដដែលបានបន្តថា បើទោះជាយ៉ាងណា មន្រ្តីកាំកុងត្រូលនៅតែបន្តប្រើប្រាស់វិធានការអប់រំ បន្តអនុវត្តចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកទាំងឡាយ ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដាក់ចូលក្នុងម្ហូបអាហារនោះ។
ប្រជាពលរដ្ឋមួយចំនួនធំ មានការពេញចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានចុះមកត្រួតពិនិត្យ គុណភាពទំនិញ ដែលកំពុងដាក់តាំងលក់នៅតាមទីផ្សារនានា ដើម្បីកាត់បន្ថយការធ្វើចរាចរទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់៕