(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងសាជាថ្មីឡើងវិញស្ដីពីគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅលើទឹកដីរបស់ខ្លួនតាមការគ្រោងទុក បើទោះជាមានការជំទាស់ពីសំណាក់ទីក្រុងប៉េកាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ជុំវិញការអះអាងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក ឆូ ជូនយុគ (Cho June-hyuck) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ការដាក់ពង្រាយ THAAD នឹងត្រូវអនុវត្តន៍តាមការគ្រោងទុកត្បិតវាជាដែនអធិបតេយ្យភាពរបស់កូរ៉េខាងត្បូង និងមានគោលបំណងតែមួយគត់នោះគឺការពារ ការវាយប្រហារជាយថាហេតុណាមួយ ដោយគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។
ការលើកឡើងបែបនេះរបស់លោក ឆូ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង ០៧នាក់មកពីគណបក្សប្រឆាំង Minjoo បានសម្ដែងការជំទាស់ទៅនឹងការដាក់ពង្រាយ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ក្នុងឱកាសដែលពួកគេស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាគ្នាជាមួយមន្ត្រីរដ្ឋាភិបាលចិនស្ដីពីបញ្ហានេះ ព្រមទំាងបានស្នើឱ្យរដ្ឋាភិបាលក្រុង សេអ៊ូល លុបចោលគំរោងនេះផងដែរ។
គួរបញ្ជាក់ថាបើទោះជាទីក្រុងសេអ៊ូលអះអាងថា ការដាក់ពង្រាយ THAAD គឺមានគោលបំណងត្រឹមតែការពារខ្លួនពីកូរ៉េខាងជើងក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែជំទាស់ ដោយបញ្ជាក់ឡើងវិញម្ដងហើយម្ដងទៀតថា គំរោងនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លំាងដល់សន្តិសុខជាតិ៕