(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា ស្នាដៃដ៏ត្រចះត្រចង់របស់កងកម្លាំងវិស្វកម្មលេខ៩៣៦ និងកងពេទ្យកម្រិត២ លេខ៩០៨ ដែលបានសម្រេចជោគជ័យ នៅប្រទេសលីបង់ និងស៊ូដង់ខាងត្បូងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងសមិទ្ធផលជាច្រើនដែលកងកម្លាំងកម្ពុជា ទទួលបានលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ។
បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា នេះគឺជាការលះបង់អាយុជីវិត ដើម្បីបុព្វហេតុ សន្តិភាព សន្តុសុខ និងមនុស្សធម៌ ដល់បណ្តាប្រទេសក្នុងលោក ដែលកំពុងតែទទួលការរងទុក្ខដោយសារជម្លោះនានា។
នាយឧត្កមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្នមន្រ្តី រដ្នមន្រ្តីក្រសួងការពារជាតិ បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញចូលរួមអបអរសាទរ ពិធីទទួលដំណើរនិវត្តមាតុភូមិរបស់ កង វិស្វកម្មលេខ ៩៣៦ និង កង ពេទ្យកំរិត២ លេខ៩០៨ បញ្ចប់បេសកកម្ម រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្នលីបង់ និង សូដង់ខាងត្បូង នៅមូលដ្នានទ័ពអាកាសពោធិ៍ចិនតុង នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសង្កត់ធ្ងន់ថា ក្រៅពីការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ កងយោធពលខេមរភូមិ បានបន្តអនុវត្តផែនការកែទម្រង់ដ៏ស៊ីជម្រៅរបស់ខ្លួនលើគ្រប់វិស័យ និងពង្រីកសមត្ថភាពយោធិនគ្រប់រូប ឲ្យកាន់តែមានប្រសិទ្ធភាព និងបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចសហការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការពារអធិបេតយ្យភាព បូរណភាពទឹកដី ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
កងយោធពលខេមរភូមិន្ទ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដោយប្រើប្រាស់យន្តការទ្វេភាគី និងពហុភាគីក្នុងគោលដៅស្វែងរកជំនួយឧបត្ថម្ភផ្សេងៗ សម្រាប់ផ្គត់ផ្គង់ដល់កងទ័ព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការហ្វឹកហាត់បណ្តុះបណ្តាលជំនាញបចេ្ចកទេស សំដៅដល់ការអភិវឌ្ឍធនធានមនុស្សជាដើម។
លោក Alexandre Huynh អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានឲ្យដឹងថា លោកមានសេចក្តីសប្បាយរីករាយដោយបានឃើញដំណើរនិវត្តន៍របស់កងវិស្វកម្មលេខ៩៣៦ នៅប្រទេសលីបង់ និងកងពេទ្យកម្រិត២ លេខ៩០៨ ដែលជាកញ្ចប់បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ដែលបានបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព។
លោក Alexandre Huynh បានសម្តែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការជួយបង្កើតឲ្យមានសន្តិសភាព ជាក់ស្តែងសម្រាប់បណ្តាប្រទេសផ្សេងៗ និងអបអរសាទរចំពោះកងរក្សាសន្តិភាពរបស់កងយោធពលខេមរភូមិន្ទ ដែលបានសម្រេចជោគជ័យជាប្រវត្ថិសាស្រ្តរបស់ខ្លួនជាបន្តបន្ទាប់ ដែលជាការតាំងចិត្តក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនានា និងបានចែករំលែកជំនាញ និងបទពិសោធន៍ជូនប្រទេសដែលមានជម្លោះ និងអស្ថេរភាព៕