(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ បានប្រកាសបើកសម្ពោធគម្រោងប្រឡាយគំរូ នៅប្រឡាយអូរបាក់ទូក និងផ្លូវ២ខ្សែអមសងខាងប្រឡាយ ប្រវែង២២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ តាមសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ការប្រកាសបើកនេះ គឺដើម្បីជម្រាបប្រាប់ប្រជាពលរដ្ឋ ឲ្យបានឃើញនូវគម្រោងនេះផ្ទាល់ ក៏ដូចជាធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមសហការទាំងអស់គ្នា ចំពោះគម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់នេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការស្ដារនិងរៀបចំប្រឡាយនេះ ជាមុនសិន ក្រោយមកនឹងមានការស្ថាបនាផ្លូវចំនួន ២ខ្សែទៀត អមសមសងខាងប្រឡាយ ថែមទៀត។
លោកអភិបាលរាជធានី បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ មិនត្រូវយកសំរាមទៅចោលក្នុងប្រឡាយតទៅទៀត ដើម្បីចូលរួមថែរក្សាបរិស្ថាន និងខ្យល់អាកាសសម្រាប់សុខភាព ក៏ដូចជាការពារការកកស្ទះក្នុងប្រឡាយជាដើម។
ជាមួយគ្នានេះ លោកក៏បានអំពានាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត សូមទៅពិនិត្យឈ្មោះរបស់ខ្លួន ក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង នៅតាមសាលាសង្កាត់ ឲ្យបានគ្រប់គ្នាផងដែរ៕