(បាត់ដំបង)៖ រថយន្ត១គ្រឿងម៉ាក ESTIMA បានបុកជាមួយត្រាក់ទ័រ ដែលកំពុងដឹកដំឡូងទិសដៅខ្វែងទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាល៥នាក់ ត្រង់ចំណុច​ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅវេលាម៉ោង ៦៖៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ បង្កដោយរថយន្តម៉ាក ESTIMA ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខ ន.ប ២.១៦៨១ បើកបរដោយឈ្មោះ លាក់ ម៉ើយជីង អាយុ២៦ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានស្លាប់ភ្លាមៗនៅកន្លែង​កើតហេតុ ឯអ្នករួមដំណើរជាមួយមិនស្គាល់ឈ្មោះ រងរបួសស្រាល បុកត្រាក់ទ័រម៉ាកហ្វត ពណ៌ខៀវ បើកបរដោយឈ្មោះ បូ វិបុល អាយុ៣២ឆ្នាំ រស់នៅភូមិផ្លូវប្រាំមួយ ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក រងរបួសស្រាល និងអ្នករួមដំណើរជាមួយត្រាក់ទ័រ ៣នាក់របួសស្រាល។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស ត្រូវបានដឹកយកទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុកសំពៅលូន និងគ្រឿងយន្តទាំង២ ត្រូវបានអូសយកទៅរក្សាទុកនៅអធិការស្រុកកំរៀង រងចាំធ្វើការដោះស្រាយតាមច្បាប់៕