(ភ្នំពេញ)៖ មន្ដ្រីធនាគារជាតិនៃកម្ពុជា ចំនួន៨៧រូប បានចូលប្រឡងវគ្គ NBC-FSI Connect លើកទី១០ ដោយមានការត្រួតពិនិត្យផ្ទាល់ពី សំណាក់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
វគ្គ NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ដើម្បីឆ្លើយតបការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ ជាពិសេសក្រោយកិច្ចប្រជុំ ក្រុមប្រឹក្សាទេសាភិបាល SEACEN លើកទី៣៥ ទាក់ទងនឹងការបង្កើតកម្មវិធី ធ្វើតេស្តវាយតម្លៃ និងចេញលិខិតបញ្ជាក់គុណវុឌ្ឍ មន្ត្រីជំនាញត្រួតពិនិត្យធនាគារ របស់ធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិក។
វគ្គ NBC-FSI Connect បានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ (FSI) នៃធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (BIS) ដែលមានស្នាក់ការ កណ្តាលនៅប្រទេសស្វ៊ីស។ វគ្គសិក្សា NBC–FSI Connect នេះបានដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ មកហើយ។
បច្ចុប្បន្នធនាគារកណ្តាលជាង ១០០ នៅលើពិភពលោកបានទិញសិទ្ធិ ចុះឈ្មោះចូលរៀនជូនមន្ត្រីខ្លួន ក្នុងការសិក្សាលើឯកទេសកម្ម ត្រួតពិនិត្យធនាគារ ដែលមានសិក្ខាកាមសរុបចំនួន ជាង ១០,០០០ នាក់ ដែលកំពុងសិក្សា ក្នុងនោះមន្ត្រីធនាគារជាតិនៃកម្ពុជាគិតមកពេលនេះមានចំនួន២៣៧ រូបផងដែរ៕