Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ឆ្លើយតបលិខិតរបស់លោក កឹម សុខា៖ ក្រុមការងារគណបក្សទាំងពីរអាចនឹងជួបពិភាក្សាគ្នាក្រោយថ្ងៃទី១១ ខែមករា (Video inside)

06-01-2017 09:45

(ភ្នំពេញ)៖ សម្តេចក្រឡហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបនឹងលិខិតលោក កឹម សុខា ថា ការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សទាំងពីរ នឹងអាចធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧, នេះបើយោងតាមលិខិតឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយសម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។

ការបញ្ជាក់របស់សម្តេចក្រឡហោម បានធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ បន្ទាប់ពី លោក កឹម សុខា ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើលិខិតមួយ ដោយស្នើឱ្យមានជំនួបនៅក្នុងខែមករានេះ ដើម្បីជជែកពិភាក្សាការងារមួយចំនួន។

ក្នុងលិខិតរបស់ សម្តេច ស ខេង បានឆ្លើយតបទៅកាន់ លោក កឹម សុខា យ៉ាងដូច្នេះថា «ខ្ញុំក៏សូមការយោគយល់ពីឯកឧត្តម ចំពោះការខកខានមិនបានជួបប្រជុំជាមួយគ្នា ក្នុងរយៈពេលកន្លងមកដោយមូលហេតុកម្មវិធីការងាររបស់ខ្ញុំ មានភាពមមាញឹកខ្លាំង តែខ្ញុំសង្ឃឹមថា ជំនួបពិភាក្សាការងាររវាងគណបក្សទាំងពីរ អាចនឹងធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ចំពោះពេលវេលាជាក់ស្តែងខុទ្ទកាល័យរបស់ខ្ញុំ នឹងជូនព័ត៌មានទៅ ខុទ្ទកាល័យរបស់ឯកឧត្តម នៅពេលក្រោយ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណបក្សទាំងពីរ បានជួបគ្នាម្តងផងដែរ នៅអំឡុងកិច្ចប្រជុំរដ្ឋសភា បន្ទាប់ពីលោក កឹម សុខា បានទទួលការប្រោសប្រទានលើកលែងទោសពីព្រះមហាក្សត្រ ហើយចូលប្រជុំសភាឡើងវិញ។ ក្រោយជំនួបនោះ លោកមេឃុំ ស៊ាង ចែត ដែលជាប់ពន្ធនាគារ ក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹង លោក កឹម សុខា ត្រូវបានដោះលែងផងដែរ៕