(ភ្នំពេញ)៖ បើទោះបីជាមិនសរសេរចំឈ្មោះ មេបក្សប្រឆាំងដែលកំពុងគេចខ្លួន នៅក្រៅប្រទេស លោក សម រង្ស៊ី ក្តី ប៉ុន្តែនៅក្នុងសំណេររបស់ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌល កម្ចាត់មីនកម្ពុជា ហៅកាត់ថា «ស៉ីម៉ាក់» ហាក់បានសំដៅទៅលើមេដឹកនាំរូបនេះធ្លាប់លើកឡើង «អ្នកចាញ់ឆ្នោតជាក្រុមឧទ្ទាម» ដោយលោកសូមឲ្យអ្នកដឹកនាំ ដែលមានទស្សនៈបង្កើតក្រុមឧទ្ទាមជាថ្មី នៅកម្ពុជា ឃ្លាតឆ្ងាយពីកម្ពុជារៀងរហូត។
លោក ហេង រតនា នៅព្រឹកថ្ងៃទី០៦ ខែមករានេះ តាមរយៈ Facebook ផ្លូវការរបស់លោក បានសរសេររៀបរាប់ទុក្ខវេទនា របស់ប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន ជាច្រើនលានគ្រាប់ ដែលបានសម្លាប់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ បន្សល់ទុកជនពិការ ស្ត្រីមេម៉ាយ កុមារជាច្រើនផងដែរ។
លោក ហេង រតនា បានសរសេរថា ងាយមើលឃើញនូវសមិទិ្ធផលសង្គ្រាម តាមរយៈការបំផ្លិចបំផ្លាញ រចនាសម្ពន្ធ័រូបវន្ត មានសាលារៀន អាគារមន្ទីរពេទ្យ ផ្សារ ទីក្រុង ផ្លូវថ្នល់ ស្ពាន ព្រៃឈើ ជាពិសេសមនុស្ស-សត្វស្លាប់ របួស ការបែកបាក់ ជាដើម។ល។ ប៉ុន្តែគេពិបាកមើលឃើញ និងវាស់វែងបានណាស់នូវមហាសមុទ្រទុក្ខវេទនា ខាងសតិអារម្មណ៍ ផ្លូវចិត្ត ឆន្ទៈ មសិការ បុគ្គល-សហគមន៍ ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់។ នៅក្នុងប្រវតិ្តសាស្ត្រមនុស្សជាតិលើផែនដីនេះ គ្មានប្រទេសណាមួយ ឬគ្មានរដ្ឋណាមួយទទួលរងនូវមហាសមុទ្រទុក្ខ សោកវិនាសកម្ម ការកាប់សម្លាប់ជនជាតិខ្លួនឯង ដូចកម្ពុជាទេ។
លោកបន្តថា ស៉ីម៉ាក់ និងអង្គភាពដោះគ្រាប់សំណល់ជាតិផ្ទុះ រួមមានកងខេមរភូមិន្ទ នគរបាលជាតិ និងប្រតិបតិ្តករអង្គការក្រៅ រដ្ឋាភិបាលនានា បានរុករក និងកំទេចចោលគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់ប្រភេទចំនួនជិត៤លានគ្រាប់។ បើយើងគិតថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ០១គ្រាប់ អាចធ្វើឲ្យកូនខែ្មរម្នាក់ របួសឬស្លាប់នោះក៏មានចំនួនច្រើនណាស់ ដែលសមិទិ្ធផលសង្គ្រាមទុកជាមរតក តាមបំផ្លិចបំផ្លាញកូនខែ្មរ យ៉ាងយូរខែឆ្នាំ ចំពោះកូនខែ្មរជំនាន់ក្រោយៗទៀត។
លោកបានសរសេរទៀតថា «សុំទាញការយកចិត្តទុកដាក់ដោយស្មារតី និងឆន្ទៈម៉ឺងម៉ាត់ និងគ្មានងាករេក្នុងការរក្សាការពារ «សន្តិភាព» ឲ្យបានដាច់ខាត ទើបសង្គមខែ្មរមានការអភិវឌ្ឍន៍ និងចំរើនលូតលាស់ជាមួយសេចកី្តសុខសាន្តដរាបទៅ និងសុំបំបាត់មហិច្ឆតាអំណាច តាមរយៈចាត់ទុកអ្នកចាញ់ឆ្នោត ជាក្រុមឧទ្ទាមប្រឆាំងខ្លួន ព្រោះថាមានក្រុមឧទ្ទាមមានសង្គ្រាមហើយ! នៅលើពិភពលោកនេះ ប្រទេសណាមានក្រុមឧទ្ទាម គឺសង្គ្រាមឆាបឆេះហើយ! ដូចនេះសូមអ្នកដឹកនាំ ដែលមានទស្សនៈ ចង់បង្កើតឲ្យមានក្រុមឧទ្ទាមជាថី្មនៅកម្ពុជា សូមឲ្យឃ្លាតឆ្ងាយពីកម្ពុជាជារៀងរហូតតទៅ!!»៕