កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពត បន្តបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីទៀត ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ដកហូតថ្នាំ៣កញ្ចប់
06-01-2017 09:39
(កំពត)៖ កម្លាំងនគរបាលជំនាញខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកកំពង់ត្រាច និងស្រុកអង្គរជ័យ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងដកហូតថ្នាំ ៣កញ្ចប់តូច។
មន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ករណីទី១៖កម្លាំងជំនាញចម្រុះខាងលើ បានចុះបង្ក្រាបករណីចែកចាយថ្នាំញៀន នៅម៉ោង១២៖១៨នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ត្រាច២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនបានជនពាក់ព័ន្ធគ្រឿងញៀនចំនួន ៣នាក់ រួមមាន៖ ១.ឈ្មោះ ស៊ន លីដា អាយុ២០ឆ្នាំ មានទីលំនៅភូមិ, ២.ឈ្មោះ នុត សុពាង អាយុ១៦ឆ្នាំ និង៣.ឈ្មោះ ងួន ពិសិដ្ឋ អាយុ២១ឆ្នាំ និងដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់តូច។
ដោយឡែកករណី២ កម្លាំងចម្រុះបានចុះបង្ក្រាប នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល កម្លាំងចម្រុះដដែល បានបន្តចុះបង្ក្រាបករណីចែកចាយថ្នាំញៀន នៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ កេង បាន អាយុ២៦ឆ្នាំ និងដកហូតបានថ្នាំញៀនចំនួន ១កញ្ចប់តូច។
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់៕