(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកធ្វើដំណើរ និងសាធារណជន មេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវម្តុំបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥ ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើងក្រោយពេលដែលសម្តេចតេជោ សង្កេតឃើញថា ការដ្ឋានសាងសង់ស្ពាន គឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។
Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ស្ពានអាកាសទី៥ ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។ ស្ពានអាកាសផ្សារដីហុយទី៥ ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅនេះ។ មកទល់ពេលនេះគឺសំរេចបានប្រមាណ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្តចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន។
គម្រោងសាងសង់ «ស្ពានអាកាសស្តុបផ្សារដីហុយ» នេះ មានប្រវែង៩០៥ម ទទឹង១៦.៥ម គ្រោងនឹងបព្ចាប់ការសាងសង់ នៅខែធ្នូ ឆ្នាំ២០១៧។ គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)៕