(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖០០នាទីនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់២លានដុល្លារអាមេរិក ត្រូវបានអ្នកឧកញ៉ា ហុង ពីវ ប្រគល់ជូនផ្ទាល់ដៃដល់លោក Beat Richner ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ជារួចរាល់ហើយ ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប !
ឧកញ៉ាដ៏ល្បាញល្បីជួយកិច្ចការសង្គមមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមការសន្យារបស់លោក។
នេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។
សូមជំរាបថា កាលពីឆ្នាំមុនអ្នកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានសន្យាចំពោះលោក Beat Richner ថា ឆ្នាំក្រោយ(គឺឆ្នាំនេះ) នឹងផ្តល់ថវិកាច្រើនជាងឆ្នាំចាស់។ សម្រាប់ពេលឥឡូវនេះទឹកប្រាក់បរិច្ឆាកឆ្នាំថ្មីនេះមានរហូតដល់២លានដុល្លារ។
មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។
សូមរំលឹកថា កាលខែឧសភា ឆ្នាំ២០១៦ ជួយឧត្ថម្ភថវិកា ៣៦ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ កាលពីថ្ងៃទី០៨ ខែឧសភា ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំ២០១៦នេះ បរិច្ចាគថវិកាដល់កាកបាទក្រហម ១លាន ២សែន ៨ម៉ឺនដុល្លារ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ជួយឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ៣៤៥ខ្នង។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចែកអង្គរសែនក្រអូប ៣៨០តោន តម្លៃជាង ២០ម៉ឺនដុល្លារពីធនាគារស្រូវ ចែកជូនប្រជាពលរដ្ឋ និងបុគ្គលិក កម្មករ ក្នុងក្រុមហ៊ុន
ថ្ងៃទី០៨ ខែតុលា ដែលជាថ្ងៃខួបកំណើតកូនស្រីអ្នកឧកញ៉ា ហុង ពីវ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្សខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី និងថ្វាយតង្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន តម្លៃជាង ៣២ម៉ឺនដុល្លារ ដើម្បីព្រះមហាក្សត្រយកទៅចែកជូនប្រជារាស្រ្តក្រីក្រ ១៣ ខែតុលា ឧកញ៉ា ហុង ពីវ បានជួយនាំយកកុមារីពិការភ្នែកទាំងសងខាងម្នាក់ទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរី៕