(ភ្នំពេញ)៖ រថយន្តមួយគ្រឿងម៉ាកហុងដា CRV បើកបុកគេរួចព្យាយាមរត់គេច ត្រូវប្រជាពលរដ្ឋដេញតាមជិត៤០ម៉ូតូ រហូតស្ទាក់ចាប់បាននៅ ក្បែរស្ថានីយប្រេងឥន្ធនៈ ត្រង់ស្ពានក្បាលថ្នល់ រហូតឈានទៅដល់ វាយរថយន្តបំបែកកញ្ចក់ដោយសារតែ ម្ចាស់រថយន្តព្យាយាមបើករត់។
ហេតុការណ៍វាយរថយន្តនេះ បានកើតឡើងនាម៉ោងជាង១០យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ត្រង់ផ្លូវ២៧១ ជាប់គល់ស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តមួយគ្រឿងម៉ាក ហុងដា CRV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-6958 បើកក្នុងល្បឿនលឿន បុកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅជិះគ្នា៣នាក់ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ហើយម៉ូតូជាប់ក្រោមរថយន្ត ត្រូវរថយន្តបង្កបើកអូសរហូតដល់ ក្បែរស្ថានីយប្រេងឥន្ធនៈ ជាប់ស្ពានអាកាសក្បាលថ្នល់ រួចត្រូវបានប្រជាពលរដ្ឋ ដេញតាមជាង៤០ម៉ូតូ រហូតស្ទាក់បាន ក៏ត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ ដោយវាយបំបែកកញ្ចក់រថយន្តបង្កនោះ ដោយកំហឹងព្រមទាំងវាយម្ចាស់រថយន្តរហូត ដល់ប៉ោងមុខមាត់ផងដែរ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ និងចាត់ការទៅតាមនិតិវិធីច្បាប់៕