(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងស្វាគមន៍ជានិច្ចចំពោះគំនិតនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងប្រទេសរុស្ស៊ី។ នេះបើតាមអ្នកនាំពាក្យប្រធានាធិបតី លោក Ernesto Abella ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៦។
លោក Ernesto Abella បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «លោកប្រធានាធិបតី ឌូតឺតេ បាននិយាយថា លោកស្វាគមន៍ជានិច្ចចំពោះការធ្វើសមយុទ្ធយោធា រួមផ្សេងៗជាមួយនឹងភាគីរុស្ស៊ី ខណៈដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹករុស្ស៊ី នឹងចូលរួមចំណែកយ៉ាងធំធេងទៅក្នុងការ រឹតចំណងមិត្តភាពជាមួយ នឹងសមភាគីហ្វីលីពីន ហើយវាក៏ជាសញ្ញាណមួយស្តែងឲ្យឃើញថា សហប្រតិបត្តិការតាមផ្លូវសមុទ្ររបស់យើងអាចនឹងត្រូវបានពង្រឹង បន្ថែមទៀត នាពេលអនាគត ដោយចំណងមិត្តភាព និងកិច្ចការទូតជើងទឹករវាងប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា នាវាពិឃាត Admiral Tributs និងនាវាស្តុកប្រេង Boris Butoma របស់កងទ័ពជើងទឹក នៃប្រទេសរុស្ស៊ីបានមកដល់ហ្វីលីពីននៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចចំនួនបួនថ្ងៃ។ ម៉្យាងវិញទៀតនៅក្នុងអំឡុងការធ្វើសន្និសីទកាសែត ស្តីអំពីដំណើរទស្សនកិច្ចនេះលោកឧត្តមនាវី Eduard Mikhailov បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលហ្វីលីពីន នឹងចរចាគ្នាទៅលើការធ្វើសមយុទ្ធយោធាជើងទឹកដ៏មានសក្តានុពលនាពេលឆាប់ៗនេះ៕