(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានដឹកនាំ យុវជនកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យមហាបរិញ្ញាជាញជ័យ យូ គិមយាន ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី និងជាទីប្រឹក្សាជាន់ខ្ពស់បច្ចេកទេស មន្ទីរពេទ្យកាល់ម៉ែត្រ នៃក្រសួងសុខាភិបាល ដែលលោកសាស្រ្តាចារ្យបានទទួលមរណភាព កាលពីវេលាម៉ោង ២១៖៥០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយរោគាពាធ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះលោកវេជ្ជបណ្ឌិត បានប្រគល់លិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនលោកស្រី កែវ ស្រង៉ាត់ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។
ការទទួលមរណភាពរបស់សាស្ត្រាចារ្យ យូ គឹមយាន គឺជាការបាត់ឥស្សរជានជាន់ខ្ពស់មួយរូប ដែលធ្លាប់បានព្យាបាលសង្គ្រោះជិវិតប្រជាពលរដ្ឋជាច្រើន ប្រកបដោយ ឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងក៏ដូចជាការបាត់បង់ឧត្តមស្វាមី បិតា ជីតា ជីតាទូត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់៕