(ភ្នំពេញ)៖ នៅថ្ងៃនេះបន្ទាប់ពី មានការបង្ហោះសារ នៅលើ Facebook របស់កញ្ញា ធី សុវណ្ណថា៖ «សព្វថ្ងៃនេះមូលនិធិខ្ញុំបានទទួលថវិកា៣លានដុល្លារ ពីបណ្តាញ មូលនិធិជាតិ និងអន្តរជាតិ ដែលក្នុងនោះខ្ញុំសូមអរគុណ លោកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ដែលបានបរិច្ចាកជាថវិកា១លានដុល្លារ, លោកឧកញ៉ា លី យ៉ុងផាត់ ជាថវិកា ៥សែនដុល្លារ និងក្រុមហ៊ុន Coca Cola ជាថវិកា១លានដុល្លារ ដល់អង្គការយើងខ្ញុំ»។
បញ្ហានេះត្រូវបានលោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ចេញមកអះអាងតាមរយៈអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកមិនដែលបានផ្តល់លុយ មួយរៀលណាមួយ ដល់កញ្ញា ធី សុវណ្ណថា នោះទេ ជាពិសេសលោកឧកញ៉ាបានបញ្ជាក់ថា មិនដែលស្គាល់កញ្ញា ធី សុវណ្ណាថា ទាល់តែសោះ ហើយលោកក៏មិនជឿថា កញ្ញាជាអ្នកសរសេរសារខាងលើនេះដែរ។
ឧកញ៉ា ម៉ុង ប្ញទ្ធី បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ពូមិនជឿថារឿងនេះជារឿងពិតនោះទេ អាចមានគេក្លែងបន្លំ ឬគេលួចចូល Facebook ហើយសរសេរវាយប្រហារ, ពូមិនដែលស្គាល់កញ្ញា ធី សុវណ្ណថា ទេ ហើយក៏មិនដែលផ្តល់លុយមួយរៀលណា»។
សូមជំរាបថា នៅមុននេះបន្តិចនារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា ក៏បានចេញផ្សាយវិដេអូឃ្លីបមួយដោយធ្វើការបកស្រាយជុំវិញបញ្ហា Facebook កញ្ញា ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រងដោយសរសេរសារវាយប្រហារទៅលើឧកញ៉ាល្បីៗ២រូបនៅកម្ពុជា និងក្រុមហ៊ុនកូកាកូឡា៕