(កំពត)៖ កម្លាំងនគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកឈូក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅស្រុកឈូក។
មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ តុង សុខជា ឣាយុ២៧ឆ្នាំចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹម មុន្នីចិន្តា ភេទស្រី ឣាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិជាមួយគ្នា ដោយជនរងគ្រោះបាត់បង់ កាតATM (កាណាឌីយ៉ា)មួយ ក្នុងកាតមានទឹកប្រាក់ចំនួន១,៤១៩ដុល្លារ និងសាច់ប្រាក់៣០០ដុល្លារ។
នគរបាលដដែល បន្តថា មុនពេលកើតហេតុជនសង្ស័យ បានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខណៈពេលជនរងគ្រោះ កំពុងរៀបចំលក់ដូរនៅចង្ក្រានបាយខាងក្រោយ ភ្លាមនោះជនសង្ស័យ បានលួចលុយក្នុងកាបូបដែលទុកនៅលើតុ ហើយបានគេចខ្លួនដល់ស្រុកឈូក។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលដកហូតបាន កាតATM មួយសន្លឹក និងលុយ១,២២០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខេត្ត កសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕