(កំពង់ស្ពឺ)៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ វីនសុនអ៊ិនធលហ្គាមេន (ខេមបូឌា) ជាង៦០០នាក់ ​បាននាំគ្នា​ធ្វើកូដកម្ម​នៅមុខសួនឧស្សាហកម្ម​វ៉ាយសេវេន​ មានទីតាំងស្ថិត​នៅផ្លូវជាតិ​លេខ៤​ ភូមិរំដួល​ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ដោយបានស្នើយ៉ាងទទូចដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយអន្តរាគមន៍​ចាត់វិធានការជាបន្ទាន់ ព្រោះពួកគាត់សុទ្ធ​តែត្រូវការប្រាក់​យកទៅបង់ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងដោះស្រាយជីវភាពប្រចាំថ្ងៃ។

ការធ្វើកូដកម្មនេះ កើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ ក្នុងគោលបំណងដើម្បីទាមទារឱ្យម្ចាស់ទីតាំង និងលោកថៅកែរោងចក្រ បើកប្រាក់អត្ថប្រយោជន៍​ផ្សេងៗជូនពួកគាត់​ ព្រោះពួកគេរំលោភលើកិច្ចសន្យា ក្នុងអំឡុងពេលព្យួរការងារ។

តំណាងកម្មករម្នាក់បានថ្លែងឱ្យដឹងថា​ កម្មកររោងចក្របានធ្វើតវ៉ា និងទាមទារលក្ខខណ្ឌ ២ចំណុច​   បន្ទាប់ពីភាគីថៅកែរោងចក្រវីនសុន​ និ​ងម្ចាស់ទីតាំង​ដែលគេស្គាល់ថា ជាឧកញ៉ា អ៊ី ឆែ បានឃុបឃិតគ្នាដឹកជញ្ជូនសម្ភាររោងចក្រចេញអស់​ ខណៈពេលកម្មករកំពុងព្យួរការងារ រយៈពេល២ខែ​ គិតចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦។

តំណាងកម្មករបានថ្លែងបន្តថា​ ក្នុងរយៈពេលកំពុងព្យួរការងារ​ កម្មករទាំងអស់បាននាំគ្នាទៅរកការងារផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព ស្រាប់តែពេលត្រឡប់មកវិញ លោកថៅកែ និងម្ចាស់ទីតាំង បានដឹកសម្ភារចេញអស់ទៅហើយ។​

ក្នុងករណីនេះ កម្មករទាំងអស់បានទាមទារ ២ចំណុច៖ ទី១.សុំឱ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ស្តីពីការងារ​ ជូនកម្មករម្នាក់ៗតាមអតីតភាពការងារជាក់ស្តែង​ និងទី២.សុំឱ្យម្ចាស់ទីតាំងយកប្រាក់ថ្លៃកក់អគារចំនួន ៦ខែ មកទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍
ផ្សេងៗ​។

ក្រុមកម្មករ​-កម្មការិនីទាំងអស់ ក៏បានស្នើសុំលោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ​  លោកអភិបាលខេត្តកំពង់ស្ពឺ​ និងជាពិសេស​គឺការអន្តរាគមន៍ពីសំណាក់ សម្តេចតេជោ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ មេត្តាជួយដោះស្រាយជូនកម្មករទាំង ជាង៦០០នាក់នេះ ដើម្បីទទួលបានប្រាក់​យកទៅដោះស្រាយបញ្ហាមួយចំនួន​ ដូចជាថ្លៃឈ្នួលផ្ទះ​ ថ្លៃទឹកភ្លើង​ និងជីវភាពរស់នៅប្រចាំថ្ងៃ​៕