(ភ្នំពេញ)៖ នៅចុងសប្តាហ៍កន្លងទៅដោយសារតែជាថ្ងៃសម្រាកពីការងារពេលឆ្លងឆ្នាំថ្មី អ្នកព័ត៌មានអង្គភាពព័ត៌មាន Fresh News ក៏មានឱកាសបានទៅលេងបងប្អូនជាមន្រ្តីពន្ធនាគារព្រៃស ដើម្បីស្រស់ស្រូបអាហារជុំគ្នា និងសំណេះសំណាលពីបញ្ហាផ្សេងៗជាហូរហែ។
ដោយសារតែរវល់នឹងការងារច្រើនធ្វើឲ្យអ្នកព័ត៌មាន Fresh News និងសាច់ញាតិជាមន្រ្តីពន្ធនាគារ បើទោះបីរស់នៅរាជធានីភ្នំពេញ ក៏មិនសូវបានជួបគ្នានោះឡើយ។ ការមិនសូវបានជួបគ្នានេះ ធ្វើឲ្យពួកគេមានរឿងជជែកពិភាក្សាគ្នាយ៉ាងច្រើន។ ដោយសារសាច់ញាតិជាមន្រ្តីយាមទ្វារពន្ធនាគារ ធ្វើឲ្យគាត់បានដឹងរឿងមិនប្រក្រតីជាច្រើនពាក់ព័ន្ធការងាររបស់ពន្ធនាគារនាពេលបច្ចុប្បន្ន ហើយក៏បានភ្លាត់មាត់ទម្លាយឲ្យអ្នកព័ត៌មាន Fresh News បានដឹងផងដែរ។
សាច់ញាតិជាមន្រ្តីពន្ធនាគាររូបនេះ បានឲ្យដឹងថា ការគ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារមានការធូរលុងខ្លាំង ពោលអ្នកទោសក្នុងពន្ធ នាគារអាចទូរស័ព្ទទាក់ទងមនុស្សនៅខាងក្រៅបានស្រេចតែចិត្ត ឲ្យតែមានលុយបង់ឲ្យឆ្មាំពន្ធនាគារ។ លើសពីនោះទៀតទណ្ឌិត ដែលមានលុយកាក់ច្រើនអាចបិទភ្នែកឆ្មាំពន្ធនាគារចេញក្រៅពន្ធនាគារបានថែមទៀតផង។ រហូតទណ្ឌិតខ្លះ ដែលមានលុយអាចរត់ការកែខៃសំណុំរឿងឲ្យរួចពីទោសទណ្ឌក៏មាន។
ក្រោយពីការនិយាយបើកកកាយពីភាពមិនប្រក្រតីក្នុងពន្ធនាគារជាច្រើនហើយនោះ ក៏ធ្លាក់ដល់រឿងរបស់ទណ្ឌិត សេង ចិន្តា ភរិយាវ័យក្មេងរបស់ឧកញ៉ាខូវ ជឺលី ដែលជាឧកញ៉ាមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយរូបនៅកម្ពុជា។ អ្នកស្រី សេង ចិន្តា ត្រូវបានតុលាការកម្ពុជាផ្តន្ទា ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទប៉ុនប៉ងរំលោភ និងសម្លាប់ ភរិយា និង កូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សំណុំរឿងឃាតកម្មនេះ ជាសំណុំរឿងឃាតកម្មដ៏កក្រើកមួយក្នុងត្រកូលអភិជនល្បាញល្បីនៅកម្ពុជា។ ក្រោយតុលាការបិទបញ្ចប់បណ្តឹងតវ៉ាទៅហើយនោះ ឧកញ៉ា ខូវ ជឺលី ព្រោះតែការស្រឡាញ់ងុបងុលភរិយាក្មេងរបស់ខ្លួនតែងតែព្យាយាមរកគ្រប់មធ្យោបាយ និង ចាយលុយមិនស្តាយ ដើម្បីជួយភរិយាវ័យក្មេងរបស់ខ្លួនរួចពីពន្ធនាគារ។ តែដោយសារជនរងគ្រោះជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាល និងមានការស្រឡាញ់ចូលចិត្តច្រើនពីប្រជាពលរដ្ឋផងនោះ ជាហេតុធ្វើឲ្យក្រុមអ្នករកស៊ីជួញរឿងក្តីមិនហ៊ានលូកដៃលើរឿងក្តីនេះឡើយ។
បើទោះបីការស្វែងរកអន្តរាគមន៍ទទួល បរាជ័យច្រើនលើកច្រើសារយ៉ាងណាក្តី តែការចិញ្ចឹមចិត្តជម្លៀសភរិយារបស់ខ្លួនពីពន្ធនាគារមិនបានបិទបញ្ចប់នោះឡើយ។ បើតាមការទម្លាយពីមន្រ្តីពន្ធនាគារបានលួចខ្សឹបថា នៅពេលថ្មីនេះ អ្នកស្រី សេង ច័ន្ទដា តែងតែលួចចេញចូលក្នុងពន្ធនាគារដូចផ្ទះរបស់ខ្លួន ដោយគ្មាននរណាដឹងនោះឡើយ ព្រោះមានការជួយរៀបចំយ៉ាងស្ងៀមស្ងាត់បំផុតពីមន្រ្តីជាន់ខ្ពស់របស់ពន្ធនាគារ។
មន្រ្តីពន្ធនាគារដដែលបន្តបង្ហើបថា ការចេញចូលរបស់អ្នកស្រី សេង ច័ន្ទដា គឺកំពុងរត់ការធ្វើបែបបទរត់គេចខ្លួនចេញទៅក្រៅប្រទេសថែមទៀតផង។
បើតាមមន្រ្តីពន្ធនាគាររូបនេះ ក្រៅពីករណីអ្នកស្រី សេង ច័ន្ធដា នៅមានករណីទណ្ឌិតជាច្រើនរូបផ្សេងទៀត ដែលជាអ្នកមានលុយច្រើន ការរស់នៅរបស់ពួកគេប្រៀបដូចជាមិនមែនជាអ្នកទោស ដែលចូលទៅអប់រំកែខ្លួននោះឡើយ។ ពួកនៅតែមានឱកាសរស់នៅដូចក្នុងជីវ ភាពធម្មតា អាចធ្វើអ្វីតាមតម្រូវការរបស់ពួកគេ ហើយក៏អាចចេញចូលពន្ធនាគារដូចផ្ទះសម្បែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ធ្លាប់បានលើកឡើងផងដែរថា ពីភាពធូរលុង និងភាពមិនប្រក្រតីរបស់ពន្ធនាគារ ពាក់ព័ន្ធនឹងការដោះលែង ទណ្ឌិតជាចោរប្លន់ និងជាអ្នកញៀនថ្នាំជាដើម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុខចោរប្លន់ និងក្រុមញៀនថ្នាំហាក់មានមុខដដែលៗ រហូតសម្តេចទាមទារ ឲ្យមានការពិនិត្យឲ្យបានហ្មត់ចត់មុននឹងមានការស្នើសុំឲ្យមានព្រះរាជទាន លើកលែងទោសពីព្រះមហាក្សត្រ ទៅលើទណ្ឌិតជាចោរប្លន់ ឬជាអ្នកប្រើប្រាស់ ជួញដូរគ្រឿងញៀន។
ពន្ធនាគារ ក៏ធ្លាប់មានរបាយការណ៍ផងដែរ អំពីការអនុវត្តស្តង់ដារពីរ ពោលទណ្ឌិតមានសម្បត្តិស្តុកស្តម្ភសម្រាប់ផ្តល់ឲ្យមន្ត្រីពន្ធនាគារ ទទួលបានការអនុគ្រោះច្រើន ខណៈទណ្ឌិតគ្មានទ្រព្យសម្បត្តិវិញ គ្មានការយកចិត្តទុកដាក់នោះឡើយទៅការរស់នៅ ក៏ដូចជាបញ្ហាសុខភាព។
ប្រសិនបើអ្វីៗដូចមន្រ្តីពន្ធនាគារបានលួចបង្ហើបមែននោះ លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គួរតែពិនិត្យ និងកែលំអរលើចំណុចទាំងអស់នេះ។ ពន្ធនាគារ ជាកន្លែងសម្រាប់អប់រំកែប្រែមនុស្សប្រព្រឹត្តខុសនិងច្បាប់ ហើយអនុវត្តន៍ទោសស្មើៗគ្នា ដោយគ្មានការកំណត់អ្នកមាន ឬ អ្នកក្រនោះឡើយ។
បើពន្ធនាគារនៅតែអនុវត្តន៍ទោសទណ្ឌមិនស្មើភាព និងមានការអធ្យាស្រ័យខ្ពស់សម្រាប់អ្នកមានធនធានបែបនេះ វាពិតជាអយុត្តិធម៌ពេកណាស់សម្រាប់ជនរងគ្រោះ រួមទាំងក្រុមគ្រួសាររបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផងដែរ៕