(រតនគីរី)៖ ថ្លែងចេញពីខេត្តរតនគីរី នៅក្នុងកម្មវិធីចូលរួមចុះពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។
ជាមួយនោះដែរលោកឯកអគ្គរដ្ឋទូតអាមេរិកដដែលរូបនោះបានថ្លែងទៀតថា លោកនឹងស្នើសុំឲ្យរដ្ឋាភិបាលអាមេរិកថ្មី បន្តគាំទ្រដល់វិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម នៅក្នុងប្រទេសកម្ពុជាបន្តទៀត។
ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ខណៈលោកចូលរួមជាចុះពិនិត្យលើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃព្រហស្បត្តិ៍នេះនៅកន្លែងកំពុង ធ្វើប្រតិបត្តិការ ផ្ទាល់របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ការចុះត្រួតពិនិត្យនេះក៏មានការចូលរួមពី នាយកអង្គការ NPA និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងក្រុមការងារជាច្រើននាក់ទៀត។
ជាមួយនោះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងអគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាល និងប្រជាពលរដ្ឋ សហរដ្ឋអាមេរិក បានចំណាយលុយប្រមាណ១៥០លានដុល្លារ ក្នុងការជួយបោសសំអាតមីន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីសង្គ្រាមនៅក្នុង ប្រទេសកម្ពុជា។ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលបានចំណាយថវិកាជួយ ដល់កម្ពុជានាពេលកន្លងមកផងដែរ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា មានរដ្ឋាភិបាលជាច្រើន ដែលជួយលើវិស័យនេះ ដូចជាបារាំង, ចិន, ឥណ្ឌា, ន័រវេស, ស្វីស, អូស្ត្រាលីជាដើម ដោយរាជរដ្ឋាភិបាលកម្ពុជា កំណត់យកឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយនៅឆ្នាំ២០១៦នេះ អត្រាគ្រោះមានការថយចុះពោល គឺសល់តែ៨៣នាក់ប៉ុណ្ណោះ។
នៅក្នុងឱកាសនោះ លោក វិលលៀម អាដេត អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា គ្រាប់នៅសេសសល់មានច្រើន យើងរីករាយនឹងជួយ ប៉ុន្តែរយៈពេល២-៣សប្តាហ៍ទៀត ទីក្រុងវាស៊ីនតោន មានរដ្ឋាភិបាលថ្មី ហើយរូបគាត់នឹងពន្យល់ដើម្បីឲ្យជួយវិស័យខាងលើនេះ។ លោកអគ្គរដ្ឋទូតបន្តថា កម្ពុជាមានដៃគូល្អ (NPA) ដោយឈរលើគោលការណ៍២ចំណុច ទី១៖ មានជំនាញធ្វើការដោះមីន និងទី២៖ ស្ថាប័នគ្រប់គ្រងគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះគាំទ្រ ដោយរាជរដ្ឋាភិបាលដែលកត្តានេះហើយ ដែលនាំឲ្យមានការជោគជ័យ៕