(បាត់ដំបង)៖ លោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្ស នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បាននាំថវិកាចំនួន ២លានរៀល ប្រគល់ជូនគ្រួសាររងគ្រោះមួយ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីពេលកន្លងទៅ នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ដោយផ្តើមចេញក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់រវាងអាជ្ញាធរដែនដី ជាមួយប្រជាពលរដ្ឋផងនោះ ទើបលោករួមទាំង សមាជិក-សមាជិការមូលដ្ឋាន និងក្រុមការងារមូលដ្ឋាន បានចុះសួរសុខទុក្ខពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះ និងបាននាំយកថវិកាចំនួន ២លានរៀល មកប្រគល់ជូនពួកគាត់។
ក្រៅពីថវិកាខាងលើ ក្រុមការងារលោកក៏បានឧបត្ថម្ភនូវ អង្ករ៣ការ៉ុង មី២កេះ ទឹកបរិសុទ្ធ២កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិការចូលរួម របស់យុវជន គណបក្សស្រុកបវេលមួយចំនួនទៀត។
លោក ជាម ច័ន្ទសោភ័ណ បានបន្តថា នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក មានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ដែលជាម៉ែជាឪក្នុងការសម្រួល នូវទុក្ខលំបាក ទាំងនេះ បើទោះជាអំណោយទាំងនោះ មិនគ្រប់គ្រាន់តាមតម្រូវការយ៉ាងណាក្តី។
ក្រោយពីទទួលបានថវិកា និងអំណោយពីក្រុមការងារលោក ជាម ច័ន្ទសោភ័ណ រួចមក ក្រុមគ្រួសារដែលត្រូវអគ្គីភ័យលេបត្របាក់ផ្ទះនោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលបាននាំយកអំណោយមកផ្តល់ជូនពួកគាត់ លើកទឹកចិត្តឲ្យពួកគាត់ ខិតខំកសាងជីវភាពឡើងវិញ៕