(កណ្ដាល)៖ មន្រ្តីអាវុធហត្ថខេត្តកណ្ដាល បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំថ្ងៃ ស្តីពីលទ្ធផលអនុវត្តន៍ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ ថា កម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាព្រះសង្ឃ២អង្គ ព្រមទាំង ដកហូតបានថ្នាំញៀន ៨កញ្ចប់តូច។
មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលលើនេះ ធ្វើឡើងចំនួន ២ករណីផ្សេងគ្នា រួមមាន៖
ករណីទី១.ចំណុចផ្លូវបេតុងកែងអាហារដ្ឋាន៩៩ ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀន ២កញ្ចប់តូច នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។ ករណីនេះ កម្លាំងសមត្ថកិច្ចបានបន្តតាមចាប់មុខសញ្ញាពាក់ព័ន្ធផ្សេងទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីតាមច្បាប់។
ករណីទី២.នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនព្រះសង្ឃ ២អង្គ មានឈ្មោះ ខឹម ខេមរៈ អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងឈ្មោះ ឈុន រិទ្ធី អាយុ២៣ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នៅក្នុងវត្តព្រះសីហនុរាជឈូងលាភ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយឃាត់ខ្លួនបានហើយ ព្រះសង្ឃទាំងពីរអង្គនេះ ត្រូវបានផ្សឹកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតីវិធី។
កម្លាំងអាវុធហត្ថបានដកហូតម្សៅក្រាបពណ៌សថ្លា ចំនួន៦កញ្ចប់តូច និងទូរស័ព្ទដៃចំនួន ៣គ្រឿង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕