(ព្រះសីហនុ)៖ អគ្គិភ័យដែលបានឆាបឆេះតូបជួល និងលក់ដូររបស់ជនបរទេស ស្ថិតនៅតាមឆ្នេរអូត្រែស ក្រុងព្រះសីហនុ ត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ និងបន្ដបាញ់រលត់រងើកភ្លើង ដែលសេសសល់ខ្លាចរីករាលដាលបន្ដទៀត ព្រោះតែមានខ្យល់បក់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យមួយនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដចំនួន៧គ្រឿង ក្នុងនោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង របស់អាវុធហត្ថ២គ្រឿង និងរបស់កំពង់ផែ២គ្រឿង ហើយប្រើទឹកអស់១៥ឡាន ហើយការខូចខាតនោះគឺតូបចំនួន៥ ត្រូវឆេះបំផ្លាញទាំងស្រុង។
បើតាមលោកស្នងការ មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺដោយសារតែនៅប៉ុន្មានម៉ោងនេះ ទីរួមខេត្តព្រះសីហនុ ដាច់ភ្លើងអគ្គីសនី ពេលនោះម្ចាស់តូបបានបញ្ឆេះម៉ាស៊ីនភ្លើងរបស់ខ្លួន ប៉ុន្ដែពេលបញ្ឆេះនោះបណ្ដាលឲ្យផ្ទុះបំពុងប្រេង ហើយឆាបឆេះតែម្ដង។ លោកស្នងការបានបន្ដថា កម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់រងើកភ្លើង ព្រោះខ្លាចរីករាលដាលឡើងវិញ៕