(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ឲ្យដឹងថា អគារសិក្សាវិទ្យាល័យស្វាយធំនេះ ជាសមទ្ធិផលថ្មីនៃចំណងដៃឆ្នាំថ្មី ក្នុងការទទួលសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ថ្ងៃជ័យជំនះ៧ មករា ដែលប្រជាពលរដ្ឋ យើងគ្រប់រូបបានរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត។
ក្រោមគោលនយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបញ្ចប់នូវជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហម បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលទទួលនូវ សុខសន្តិភាពពេញផ្ទៃប្រទេស ព្រមទាំងបានកសាងនូវសមទ្ធិផលជាច្រើននៅគ្រប់មូលដ្ឋាន។ ម៉្យាងទៀតសមទ្ធិផលនេះក៏ កើតឡើងក្រោមដំបូលសន្តិភាព នៃថ្ងៃជ័យជំនះ៧មករា ដូច្នេះយើងត្រូវរួមគ្នាថែរក្សានូវសមទ្ធិផលសន្តិភាព ឲ្យបានយូរអង្វែងតរៀងទៅ។
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវអគារវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ស្ថិតនៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ។
ពិធីសម្ភោធអគារវិទ្យាល័យ ហ៊ុន សែន ស្វាយធំ អគារសិក្សាចំនួន៣ខ្នង ធ្វើអំពីថ្ម ប្រកក្បឿង ស្មើ១៨បន្ទប់ និងខ្លោងទ្វារ១ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ដែលមាន១ខ្នង កម្ពស់៣ជាន់ មាន៩បន្ទប់ និង១ខ្នងទៀតកម្ពស់ពីរជាន់មាន០៤បន្ទប់ និងមួយខ្នងទៀត ជាគម្រោងរបស់ក្រសួងអប់រំ មាន០៥បន្ទប់ ស្ថិតនៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ដោយមានការចូលរួមពី លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម តាជីយាយជី និងប្រជាពលរដ្ឋចូលរួមផងដែរ។
ជាមួយគ្នានោះដែរ លោក ភូ សំអាត អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ឲ្យដឹងថា អគារសិក្សាទាំង៣ខ្នង នៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំនេះ កសាងឡើងដោយថវិកាបងប្អូនសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ធ្វើអំពីថ្ម ដែលមាន១ខ្នង កម្ពស់៣ជាន់ មាន៩បន្ទប់ និង ១ខ្នងទៀតកម្ពស់ពីរជាន់មាន ០៤បន្ទប់ និង មួយខ្នងទៀតជាគម្រោងរបស់ក្រសួងអប់រំ មាន០៥បន្ទប់ សរុបទាំងបីខ្នងមាន១៨បន្ទប់។ លោក ក៏បានបន្តទៀតថា ទាំងអនុវិទ្យាល័យ និងវិទ្យាល័យ ហ៊ុន សែន ស្វាយធំ មានសិស្សចូលសិក្សាមានចំនួនសរុប៩២៣នាក់ មានគ្រូបង្រៀន៦១នាក់ ស្រី៣១នាក់ ហើយមកដល់ពេលនេះមានអគារសរុបចំនួន៧ខ្នង ស្មើ៣៣បន្ទប់ គ្របដណ្តត់លើឃុំពីរ របស់ស្រុកប្រាសាទបាគង។ ក្នុងនោះដែរលោក ក៏បានលើកនូវសំណូមពរមួយចំនួន របស់វិទ្យាល័យក្នុងការបម្រើដល់ការបង្រៀន ដល់សិស្សប្រកបដោយគុណភាពខ្ពស់។
លោករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ ក្នុងការកសាងសមទ្ធិផលថ្មីនេះ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅធ្វើការពិនិត្យមើលឈ្មោះបោះឆ្នោតដែលបានបិទផ្សព្វផ្សាយនៅតាមសាលាឃុំ-សង្កាត់ ក្នុងការផ្ទៀងទាត់ឈ្មោះជាចុងក្រោយ សំដៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅឆ្នាំ២០១៨ផងដែរ។
បន្ថែមពីលើនេះ នៅក្នុងពិធីខាងលើក៏មានការបំពាក់គ្រឿងឥស្សរិយយស មេដាយមាសស្ថាបនាជាតិ និង លិខិតថ្លែងអំណរគុណ ជូនដល់បងប្អូនសប្បុរសជន។ ក្នុងនោះលោករដ្ឋមន្រ្តី ទៀ បាញ់ ក៏បាននាំយកនូវអំណោយមួយចំនួនជូនដល់ តាជី យាយជី ម្នាក់ៗក្រណាត់ស១ដុំ ប្រាក់១ម៉ឺនរៀល,លោកគ្រួអ្នកគ្រូ ម្នាក់ៗសៀវភៅ៥ក្បាល ប៊ិច២ដើម ប្រាក់៣ម៉ឺនរៀល សិស្សម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ព្រមទាំងសៀវភៅច្បាប់ក្រមង៉ុយ ចំនួន១១៤ក្បាលផងដែរ៕