Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី លី ធុជ៖ រយៈពេលជាង២០ឆ្នាំ បន្ទាប់ពីសង្គ្រាម រដ្ឋាភិបាលអាមេរិក ចំណាយលុយប្រមាណ១៥០លានដុល្លារ ជួយបោសសំអាតមីននៅកម្ពុជា

05-01-2017 16:40

(រតនគីរី)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងអគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាល និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក បានចំណាយលុយប្រមាណ ១៥០លានដុល្លារ ក្នុងការជួយបោសសំអាតមីន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលបានចំណាយថវិកា ជួយដល់កម្ពុជា នាពេលកន្លងមកផងដែរ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមជាចុះពិនិត្យលើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នេះនៅកន្លែងកំពុងធ្វើប្រតិបត្តិការ ផ្ទាល់របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពី លោក វិលៀម អាដេត អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក អាក់ សែល នាយកអង្គការ NPA និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងក្រុមការងារជាច្រើននាក់ទៀត។

ជាមួយគ្នានោះដែរ លោក ថង សាវុន ក្នុងនាមរដ្ឋបាលខេត្តរតនគិរី មានមតិស្វាគមន៍ ចំពោះគណៈប្រតិភូអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងលោកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។

លោកទេសរដ្ឋមន្ត្រី លី ធុជ បន្ថែមថា មានរដ្ឋាភិបាលជាច្រើន ដែលជួយលើវិស័យនេះ ដូចជាបារាំង, ចិន, ឥណ្ឌា, ន័រវេ, ស្វីស, អូស្ត្រាលីជាដើម ដោយរាជរដ្ឋាភិបាលកម្ពុជា កំណត់យកឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយនៅឆ្នាំ២០១៦នេះ អត្រាគ្រោះមានការថយចុះពោល គឺសល់តែ៨៣នាក់ប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ លោក វិលលៀម អាដេត អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា គ្រាប់នៅសេសសល់មានច្រើន យើងរីករាយនឹងជួយ ប៉ុន្តែរយៈពេល២-៣សប្តាហ៍ទៀត ទីក្រុងវាស៊ីនតោន មានរដ្ឋាភិបាលថ្មី ហើយរូបគាត់នឹងពន្យល់ ដើម្បីឲ្យជួយវិស័យខាងលើនេះ។

លោកអគ្គរដ្ឋទូតបន្តថា កម្ពុជាមានដៃគូល្អ (NPA) ដោយឈរលើគោលការណ៍២ចំណុច ទី១-មានជំនាញធ្វើការដោះមីន និងទី២-ស្ថាប័នគ្រប់គ្រងគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះគាំទ្រ ដោយរាជរដ្ឋាភិបាលដែលកត្តានេះហើយ ដែលនាំឲ្យមានការជោគជ័យ៕