(ក្រចេះ)៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិអន្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ជាច្រើនគ្រួសារកំពុងរងការគម្រាមកំហែងយ៉ាងខ្លាំងពីការបាក់ច្រាំងទន្លេ ដែលពួកគាត់ថា អាចមកពីការធ្វើអាជីវកម្មបូមខ្សាច់ខុសបច្ចេកទេស នៅក្បែរលំនៅដ្ឋានទាំងនោះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា អាជីវកម្មបូមខ្សាច់នេះ គឺជារបស់លោក រស់ ចិន្តា ដែលមើលទៅគឺអនុវត្តខុសស្តង់ដាបច្ចេកទេស ដែលច្បាប់បានកំណត់ ហើយទីតាំងបូមខ្សាច់នោះ លោក រស់ ចិន្ដា បានបូមដាក់លើដីឡូត៍មួយកន្លែង ដែលជាដីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះទៀតផង។
ដីឡូនេះទៀតសោត កន្លងមកគេឃើញដាក់គ្រឿងចក្ររបស់មន្ទីរ តែមិនដឹងថា លោក រស់ ចិន្ដា មានទំនាក់ទំនងយ៉ាងម៉េចជាមួយលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្ត ទើបលោក ស្រេង ស្រស់ ផ្ដល់ដីនោះឲ្យទៅលោក រស់ ចិន្ដា ធ្វើជាទីតាំងស្តុកខ្សាច់ទៅវិញ។
ប្រជាពលរដ្ឋបានបន្តថា អាជីវកម្មបូមខ្សាច់របស់លោក រស់ ចិន្ដា មិនត្រឹមតែគម្រាមកំហែងដល់ការបាក់ស្រុតច្រាំងទន្លេ ប៉ុណ្ណោះទេ ថែមទាំងមានរថយន្ដធំៗដឹកខ្សាច់បណ្ដាលឲ្យខូចផ្លូវ ក្នុងភូមិរបស់ពួកគាត់ទៀត ហើយការជញ្ជូនខ្សាច់ចេញពីទីតាំងស្តុកខ្សាច់នោះ ពេលខ្លះការដឹកជញ្ជូនមិនបានគ្របឲ្យបានត្រឹមត្រូវទៀត ធ្វើឲ្យហុយប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើតាមដងផ្លូវ និងបរិស្ថានថែមទៀត។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានស្នើយ៉ាងទទូចទៅអាជ្ញាធរ ក៏ដូចមន្ទីរជំនាញ មេត្តាចុះមកត្រួតពិនិត្យមើល និងទប់ស្កាត់ផង បើនៅតែបណ្ដោយអាជីវកម្មបូមខ្សាច់មួយកន្លែងនេះទៀត ច្រាំងទន្លេនឹងបាក់ជាក់ជាមិនខាន ព្រោះកន្លងមកក៏ធ្លាប់មានការបាក់ច្រាំងទន្លេ នៅភូមិថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និងភូមិឈើទាលភ្លោះ ស្រុកឆ្លួង ខេត្តក្រចេះ រួចហើយដែរ។
អង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយ និងបំភ្លឺ ពីមន្រ្តីជំនាញបាននៅទេ តែកន្លងមកថ្នាក់ដឹកនាំក្រសួង បានចាត់ការយ៉ាងម៉ឺងម៉ាត់ លើអាជីវកម្មបូមខ្សាច់ទាំងនោះ៕