(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ០៥ មករា ឆ្នាំ ២០១៧ នាយិកាបច្ចេកទេស នាយកគ្រប់គ្រងទូទៅនិងប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងអបអរសាទរដល់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នាឱកាសដែលអ្នកនាង គង់ សុជាតិ សម្រាលបានបុត្រី កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក៏ដូចជាការជូនពរដល់គូស្វាមីភរិយា ក្នុងឱកាសឆ្នាំថ្មី ដែលបានបុត្រីដ៏ស្រស់ស្អាត ជាចំណងដៃដ៏ពិសិដ្ឋិ ដែលញុំាងឲ្យក្រុមគ្រួសារកាន់ តែមានភាពសប្បាយរីករាយ និងសុភមង្គលថែមទៀត ដែលជាសេចក្តីប៉ងប្រាថ្នា របស់គ្រួសារគ្រប់ៗរូប ។
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក៏បានថ្លែងអំណរគុណផងដែរដល់លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិការបច្ចេកទេស ក៏ដូចជាលោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានឆ្លៀតពេលពីការបំពេញការងារ មកសួរសុខទុក្ខ អបអរសាទរ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសាររបស់អ្នកនាង។
គួរបញ្ជាក់ថា អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក៏ដូចជាគូរស្វាមីដទៃទៀត ពិតជាមាន សេចក្តីសោមនសន្សរីករាយដែលមាន ឱកាសអាចមានលទ្ធភាពបានបុត្រដូចបំណង តាមរយៈការមកពិគ្រោះយោបល់ជាមួយនឹង គ្រូពេទ្យឯកទេស ឬទទួលយកសេវាបង្ក កំណើតកូនក្នុងកែវ ពីមន្ទីរសំរាកព្យាបាលកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរ ទៅទទួលការព្យាបាលនៅឯក្រៅប្រទេស ដែលមិនត្រឹមតែ ត្រូវចំណាយ ពេលវេលាច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាចថវិការច្រើន និងមានរបាំងភាសាទៀតផង។
ជាមួយគ្នានេះផងដែរ លោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានឲ្យដឹងថា គណៈគ្រប់គ្រងនៃមន្ទីរសំរាក ព្យាបាលកម្ពុជា ប្តេជ្ញានឹងខិតខំសំរេចឲ្យបាននូវទស្សនវិស័យរបស់ខ្លួន ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋដែល ជាជនជាតិបរទេស ដែលជួបបញ្ហានៃការលំបាកមានកូន ឲ្យមានសេចក្តីសង្ឃឹមឡើងវិញ តាមរយៈការប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ គ្រូពេទ្យ គុណភាព សមត្ថភាពរបស់គ្រូពេទ្យឯកទេស និងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដើម្បីចូលរួមជាមួយនឹងក្រសួង សុខាភិបាល ក្នុងការលើកកំពស់សុខមាលភាព និងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ។
មន្ទីរសំរាកព្យាបាលកម្ពុជា ស្ថិតនៅជាប់ខាងជើងរបង សាលាបឋមសិក្សាភ្នំដូនពេញ ដែលមានទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ២២២២៩៥៕