Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរកស៊ីលក់មាន់​ត្រូវពេទ្យសត្វ និងបក្ខពួក​ ចាប់មាន់ជិត១ពាន់ក្បាលទុកដោយអត់មូលហេតុ រយៈពេល៣ថ្ងៃហើយ, អំពាវនាវរក​ការជួយអន្ដរាគមន៍

05-01-2017 16:23

(កណ្ដាល)៖ ប្រជាពលរដ្ឋដែលជាអ្នករកស៊ីលក់មាន់មួយគ្រូសារ ​ត្រូវបានមនុស្សមួយក្រុមដែលអះអាងថា ជាពេទ្យសត្វខេត្តកណ្ដាល ចាប់មាន់បង្ខាំទុកដោយអត់មូលហេតុ រយៈពេល៣ថ្ងៃហើយ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឮ ពោលគឺគ្មានការសហការជាមួយអាជ្ញាធរមូលដ្ឋានទេ ហើយក៏គ្មានចំណាត់ការណាមួយជូនពូកគាត់នោះដែរ ដែលធ្វើឲ្យពួកគាត់ខាតបង់ក្នុងការរកស៊ី​​ ហេតុនេះទើបសុំកិច្ចអន្ដរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធជួយ​ដោះស្រាយ។

ប្រជាពលរដ្ឋរងគ្រោះបានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះថា មុនដំបូងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ពួកគាត់បានបើករថយន្ដដឹកមាន់ជិត១,០០០ក្បាល ពីខេត្តព្រៃវែង ដោយគោលបំណងយកមកលក់នៅភ្នំពេញ លុះមក​ដល់ចំណុចស្ពានព្រះគន្លង ផ្លូវជាតិលេខ៨ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្រាប់តែរថយន្ដរបស់ពួកគាត់ខូច ពេលនោះក៏មានមនុស្សមួយក្រុម ដែលមានគ្នា៤នាក់ បានមកសួរនាំគាត់ថា មានច្បាប់ដែរឬទេ ពេលនោះគាត់និយាយថា មិនទាន់មានច្បាប់ទេ ព្រោះទើបតែរកស៊ីដំបូង ពេលនោះស្រាប់លេចមុខបុរសម្នាក់ ដែលគេស្គាល់ឈ្មោះ តូ អះអាងថា ខ្លួនជាពេទ្យសត្វខេត្តកណ្ដាល ទទួលបញ្ជាពីថ្នាក់លើ គឺក្រសួងកសិកម្ម ឲ្យចាប់រថយន្ដដែលកំពុងដឹកមាន់នេះ។

ពលរដ្ឋបន្ដថា ក្រោយពីសួរនាំរួច បុរសឈ្មោះ តូ ដែលជាពេទ្យសត្វខេត្តនោះ បាននាំរថយន្ដដឹកមាន់នេះទៅទុកនៅផ្លូវជាតិលេខ៦A ម្ដុំស្ពានព្រែកតាម៉ាក់ លុះមួយសន្ទុះក្រោយមកក៏នាំរថយន្ដដឹកមាន់ ទៅទុកនៅវាលស្រែ មុខវិទ្យាល័យព្រែកលួង ដែលជាកន្លែងស្ដុកមាន់របស់ពេទ្យសត្វនោះ។ បងប្អូនពលរដ្ឋថា ពេលទៅដល់ក្រុមពេទ្យសត្វនោះមិននិយាយអ្វី ហើយក៏មិនដោះស្រាយជូនពួកគាត់ដែរ ដោយគ្រាន់តែនិយាយថា ត្រូវបូមឈាមមាន់ជិត១,០០០ក្បាលនេះ ទៅពិនិត្យសិន ហើយមកទល់ពេលនេះគឺ៣ថ្ងៃកន្លងទៅ មិនទាន់មានដំណឹងអ្វីទាំងអស់ ស្របពេលដែលមាន់របស់ពួកគាត់ជិតងាប់អស់ហើយ ព្រោះមិនមានចំណីស៊ី។

ពលរដ្ឋខាងលើអះអាងថា កាលដែលពេទ្យសត្វមិនដោះស្រាយ​ភ្លាមៗ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋានបែបនេះ គឺវាអយុត្តិធម៌សម្រាប់ពួកគាត់ណាស់ ព្រោះមាន់របស់គាត់ជិតងាប់ ដោយមិនបានយកទៅលក់ទាន់ពេលនោះទេ។ គាត់ថាប្រសិនបើចង់ផាកពិន័យអ្វី ឬចង់ឲ្យគាត់បង់លុយអ្វីមួយនោះ ប្រាប់គាត់មក កុំយកមាន់របស់គាត់ទៅបង្ខាំទុកបែបនេះ។

យ៉ាងណាមិញ ពលរដ្ឋបានលើកឡើងថា ប្រសិនបើមិនមានអន្ដរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធនោះទេ ពួកគាត់នឹងដុតមាន់ជិត១,០០០ក្បាលនេះចោលហើយ ព្រោះថា ប្រសិនបើមិនដុតមាន់ទាំងនេះគង់តែនឹងងាប់ដូចតែគ្នា ហើយបើទុកឲ្យមាន់នេះងាប់ច្បាស់ជាក្រុមពេទ្យសត្វ ដាក់បន្ទុកមកគាត់ថា មាន់មានជំងឺហើយ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋស្នើសុំការជួយអន្ដរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ ជុំវិញករណីនេះផង ព្រោះគាត់គិតថា អយុត្ដិធម៌ណាស់សម្រាប់ពួកគាត់ ដែលជាអ្នករកស៊ីលក្ខណៈគ្រួសាររកមួយថ្ងៃ ស៊ីបានតែមួយពេលតែប៉ុណ្ណោះ៕