(សៀមរាប)៖ ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ នេះជាសារដ៏សំខាន់ ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដើម្បីលើកកម្ពស់ សុខុមាលភាពរបស់ខ្លួន។
អាជ្ញាធរជាតិអប្សរា តាមរយៈគម្រោងសុវុឌ្ឍិកម្ម នៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានចុះអប់រំ និងក្រើនរំឭកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ឲ្យប្រើប្រាស់បង្គន់អនាម័យ ឲ្យបានត្រឹមត្រូវ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារបានចុះទៅផ្សព្វផ្សាយនៅភូមិលាងដៃ ដែលជាភូមិមួយ ស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ភាគខាងលិចនៃតំបន់អង្គរធំ។
អ្នកស្រី ឌួង ឆម មេភូមិលាងដៃបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋភូមិលាងដៃជាង៣០០គ្រួសារ យ៉ាងហោចណាស់ ក៏មានជាង១០០គ្រួសារដែរ ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ អ្នកស្រីបន្តថា ការមិនមានបង្គន់ប្រើប្រាស់នេះ ដោយសារគ្រួសារទាំងនោះ មិនសូវមានការយល់ដឹងអំពីផលប៉ះពាល់នៃការ បន្ទោបង់ពាសវាលពាសកាល ហើយអ្នកខ្លះទៀត ចង់មានបង្គន់ប្រើប្រាស់ដែរ តែមិនមានលទ្ធភាពគ្រប់គ្រាន់ ទោះជាយ៉ាងណា អ្នកស្រីមេភូមិសង្ឃឹថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ អ្នកភូមិភាគច្រើននឹងបានយល់ដឹងអំពីផលប៉ះពាល់ ហើយនឹងសន្សំលុយកាក់ដើម្បីសាងសង់បង្គន់អនាម័យប្រើប្រាស់។
សូមបញ្ជាក់ថា គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ប្រទេសបារាំង និងសាលាខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមអនុវត្តគម្រោងនៃអាជ្ញាធរជាតិអប្សរា កំពុងតែបន្តផ្សព្វផ្សាយនៅក្នុងភូមិចំនួន៤ នៃឧទ្យានអង្គរ គឺភូមិលាងដៃនៅឃុំលាងដៃស្រុកអង្គរធំ ភូមិរហាល និងស្រះស្រង់ខាងជើង នៅសង្កាត់នគរធំ ក្រុងសៀមរាប និងភូមិស្រែចង្ហូតនៅឃុំរុនតាឯកស្រុកបន្ទាយស្រី។ មកទល់នឹងពេលនេះ ក្រុមការងារបានផ្សព្វផ្សាយក្នុងមួយភូមិបានចំនួន៣លើក រួចមកហើយ ដោយផ្តោតលើប្រធានបទ «ការគ្រប់គ្រងសំរាម ការទប់ស្កាត់ការចម្លងមេរោគ និងការប្រើប្រាស់បង្គន់អនាម័យ»៕