(ព្រះសីហនុ)៖ ដោយអនុវត្តផែនការយុទ្ធនាការ បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលព្រះសីហនុ បានដឹកនាំ បញ្ជាកម្លាំងជំនាញរបស់ខ្លួន បើកប្រតិបត្តិការបង្ក្រាបទូទាំងខេត្តព្រះសីហនុ ដោយរយៈពេល៥ថ្ងៃនេះ បានឃាត់ជនសង្ស័យ៥នាក់ និងដកហូតបានថ្នាំ២៧កញ្ចប់។
មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការបានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះថា ក្នុងរយៈពេល៥ថ្ងៃនេះ កម្លាំងជំនាញបង្ក្រាបទីតាំងគ្រឿងញៀន៤ករណី ក្នុងនោះករណីទី១៖ ជនសង្ស័យឈ្មោះ ណន គឹមលី អាយុ២១ឆ្នាំ ដកហូតបានថ្នាំញៀនចំនួន១៤កញ្ចប់ ទូរស័ព្ទ១គ្រឿង, ករណីទី២៖ ជនសង្ស័យឈ្មោះ សួន ស៊ីផុន អាយុ៣០ឆ្នាំ ដកហូតបានថ្នាំញៀនបានចំនួន៨កញ្ចប់ ទូរស័ព្ទ៥គ្រឿង, ករណីទី៣៖ ជនសង្ស័យឈ្មោះ សៀង ហេង អាយុ៣៤ឆ្នាំ និងឈ្មោះ ឆាយ ប៉ិក អាយុ៤៧ឆ្នាំ ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួន និងករណីទី៤៖ ជនសង្ស័យឈ្មោះ ញ៉ែម សុផល អាយុ២៩ឆ្នាំ ដកហូតបានថ្នាំញៀន ចំនួន១កញ្ចប់ ទូរស័ព្ទ១គ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដតាមច្បាប់៕
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕